ព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រ មានករណី ហិង្សាដោយចេតនា (ប្រើដាវកាប់) បានកើតឡើងនៅចំណុចផ្លូវឡើងវត្តលើ ស្ថិតក្នុងក្រុម១៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ បង្កដោយជនសង្ស័យ១ក្រុមមានគ្នា ៣ម៉ូតូ កាប់លើជនរងគ្រោះចំនួន ២នាក់ បណ្តាលឱ្យរបួស ។
បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ហើយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ។ បន្ទាប់ពីទទួលបានបណ្តឹងរួច ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ជនរងគ្រោះមានឈ្មោះ ៖
១-ឈ្មោះ មាស វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកម្ហូបឥណ្ឌូ ស្រុកកំណើត ភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ទីលំនៅបច្ចុប្បន្នបន្ទប់ជួលម្តុំអូរ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ត្រូវរបួសខ្នងដៃ និង កែងដៃខាងឆ្វេង)
២-ឈ្មោះ សៀន ជីវិត ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកម្ហូបឥណ្ឌូ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលម្តុំអូរ២ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ។ (របួសកែងដៃខាងឆ្វេង និងដងខ្លួនជាច្រើនកន្លែង)
ជនសង្ស័យ៤នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ពិតុង ភេទប្រុស កើតឆ្នាំ២០០៧ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រញូស៊ីនស្ថិតក្នុងសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ហួន សំណាង ភេទប្រុស កើតឆ្នាំ២០០៦ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលនៅម្តុំខ្សាច់ស២ ស្ថិតក្នុងសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ មាឃ ចាន់ពិសិដ្ឋ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងលក់បាយ (ដឹកម្ហូប) ស្នាក់នៅបន្ទប់ជួលម្តុំក្រោយរោងចក្រញូស៊ីន ស្ថិតក្នុងសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ភារម្យ ពិសី ភេទស្រី កើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរបុគ្គលិក KTV ស្នាក់នៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានមានដាវ ចំនួន២ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយកម្លាំងជំនាញ កំពុងស្រាវជ្រាវរកបក្ខពួកបន្តទៀត ៕