កំពង់ឆ្នាំង៖ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ មានសិស្សានុសិស្ស ចំនួនជាង១លាននាក់ ដែលមកពីសាលាជាង ៩ ០០០ សាលា នៅទូទាំងរាជធានី ខេត្តចំនួន២០ បានស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថានបានប្រកាសបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសម្ដែងនូវចំណាប់អារម្មណ៍ និងជំរុញឲ្យមានការចូលរួមក្នុងយុទ្ធនាការនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ស្របពេលដែលប្រជាជនមានការកើនឡើង សកម្មភាពសេដ្ឋកិច្ចក៏មានការកើនឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន។ ឯកឧត្តមអភិបាលខេត្តើលើកឡើងថា យុទ្ធនាការនេះ ក៏ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណ្ឌភាពទីក្រុង សុខភាពសាធារណៈ និងសុខុមាលភាពសង្គម។

បន្ថែមពីនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១នៃកាកបាទក្រហមកម្ពុជា បានថ្លែងថា យុទ្ធនាការនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាយើង ក្នុងការកាត់បន្ថយការបំពុលបង្កដោយប្លាស្ទិក ។ ជាក់ស្តែង ដបប្លាស្ទិកមួយនឹងរលាយដោយឯកឯង ក្នុងរយៈពេល ៤៥០ឆ្នាំ ដូចនេះ ជាតិពុលនឹងនៅក្នុងបរិស្ថានជុំវិញខ្លួនយើងរាប់ជំនាន់របស់មនុស្សជាតិ ហេតុនេះយើងទាំងអស់គ្នាមានភាពចាំបាច់ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ដើម្បីរួមគ្នាកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទីក ។


ស្របនឹងការថ្លែងឡើងរបស់អង្គការមនុស្សធម៌ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន គាំទ្រ និងបន្តអនុវត្តន៍ ហើយជឿជាក់ថាអ្នកចូលរួមនៅទីនេះ ជាពិសេសប្អូនៗសិស្សានុសិស្សនឹងរួមគ្នាផ្សព្វ ផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារឱ្យកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ដើម្បីសម្រេចបានជោគជ័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញបន្តនូវការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ក្នុងគោលដៅជាង ៣០ ០០០ សាលា នៅទូទាំងប្រទេស ដែលមានសិស្សានុសិស្សជាង ៣ លាន ៧ សែននាក់ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋឈានទៅ ផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានប្រកាសគាំទ្រ និងធ្វើជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន ជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តកណ្តាល និងបានអំពាវនាវដល់រដ្ឋបាលរាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធដទៃទៀត ឱ្យចូលរួមក្នុងយុទ្ធនាការនេះឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាអនាម័យផង និងការរស់ប្រកបដោយសេចក្តីថ្លៃថ្នូរផង ក្រោមពាក្យស្លោកថា «កម្ពុជាស្អាត ផ្តើមចេញពីយើងម្នាក់ៗ» ។


គួរជម្រាបជូនថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រៀបចំឡើងនៅតាមសាលា ៨ទីតាំងផ្សេងគ្នា ក្នុងនោះរួមមាន ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស ស្រុកបរិបូរណ៌ ស្រុកកំពង់លែង និងស្រុកជល់គិរី ។
យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ ចំនួន ៣,៨៤៥ រួមទាំងសិស្សានុសិស្សសរុបចំនួនជាង១០ម៉ឺននាក់ ដែលបានប្តេជ្ញាចិត្តឈប់ប្រើប្រាស់ថង់ប្លាស្ទិក ឬ Bye Bye ថង់ប្លាស្ទិក ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា