កំពង់ធំ ៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តកំពង់ធំ បង្ហាញជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរងជំនួយការផែនការងារនគរបាលព្រហ្មទណ្ឌ បានថ្លែងឲ្យដឹងថា ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង១៨នាទី នៅចំណុចផ្ទះសំណាក់ ហេង ហេង ១៦៨ ស្ថិតក្នុងភូមិទី ១ សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ មានករណីលួចម៉ូតូ ០១ គ្រឿង។ បន្ទាប់ពីទទួលបានពត៌មានខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម ឈុនលី ស្នងការរងជំនួយផែនដឹកនាំកងកម្លាំង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលទាំង០៩ក្រុង-ស្រុក បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នាវេលាម៉ោង១៧ និង៣០នាទី នៅថ្ងៃ.ខែ.ឆ្នាំដដែល នៅចំណុចមុខមន្ទីរពេទ្យ ស្រេង សេងហៀង ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ យ៉ា គីនី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អូរអំបិល សង្កាត់ អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ ងួន តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ៣-ឈ្មោះ ញឹប តុលា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិ ទំពរ ឃុំ ត្រពាំងគរ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម។
វត្ថុតាងដកហូតរួមមាន ៖ ១-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ លេខតួ ND125M6190341 ផ្លាកលេខ ភ្នំពេញ 1JE-8774 របស់ជនរងគ្រោះឈ្មោះ ឡាំង យ៉ាំងណេ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិវៀតណាម នៅកំពង់ចំលង ឃុំ ព្រែកទម្លាប់ ស្រុក លើកដែក ខេត្តកណ្តាល (ប្រគល់ជូនជនរងគ្រោះ)។ ២-រថយន្តចំនួន ០១ គ្រឿង ម៉ាក HIGHLANDER ពណ៌ ទឹកមាស ផ្លាកលេខ បន្ទាយមានជ័យ 2C-5668 របស់ជនសង្ស័យ ដែលជិះធ្វើសកម្មភាព និងឧបករណ៍ សម្ភារៈសំរាប់លួច មួយចំនួនទៀត។
លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរង បានបញ្ជាក់ថា ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ