នាយករដ្ឋមន្ត្រីថៃ នឹងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ដើម្បី​សម្រួល​​ឱ្យប្រជាពលរដ្ឋកម្ពុជាដែលធ្វើការ និងស្នាក់នៅ ក្នុងភាគខាងត្បូងនៃប្រទេសថៃ

0

ភ្នំពេញ៖ តបតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណា​ចក្រកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ  នឹងពិចារណា​ដោយយកចិត្តទុកបំផុតចំពោះសំណើឱ្យមាននីតិវិធីអន្តោប្រវេសន៍និងការសម្រួលនៅតាមព្រំដែន ប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅ​ក្នុងខេត្ត​សុងក្លា ដើម្បីពង្រីកសេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើការនិងស្នាក់នៅ ក្នុង​ភាគ​ខាងត្បូងនៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣។

​ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្ត​ឱ្យ មានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣- ២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និង​មកពីប្រទេសទីបី ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋ ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការ​បង្កើន​ជើងហោះហើរ ជាពិសេសផ្តោតលើទីក្រុងធំៗលំដាប់ទីពីរ។ ក្នុងវិស័យអប់រំ សម្ដេចធិបតី បានថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះរាជគម្រោងរបស់ ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិន្ទថន រាជរដ្ឋាភិបាល និងក្រុមហ៊ុន ថៃនានាដែល​បាន​បន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រួមមានការបង្កើតវិទ្យា ស្ថានបច្ចេក​វិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងការផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជាជាច្រើន ជារៀងរាល់ឆ្នាំ។ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន បានបញ្ជាក់សាជាថ្មីអំពី​តួនាទី របស់ប្រទេសថៃ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំរបស់កម្ពុជា។

ចំពោះវិស័យការងារ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែល បានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ​ដែល​កំពុង រស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បាន​សង្កត់ធ្ងន់ ថា ពលករកម្ពុជាដើរតួនាទី​យ៉ាង​សំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ដូច្នេះ រាជរដ្ឋាភិបាលថៃ នឹងយកចិត្តទុកដាក់ចំពោះ​សុខុមាលភាពរបស់ពួកគាត់។ ក្នុងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានប្តេជ្ញា​ចិត្ត​សហការយ៉ាងជិតស្និទ្ធក្នុង ការទប់ស្កាត់និងបង្ក្រាបសកម្មភាពខុសច្បាប់ ផ្លាស់ប្ដូរនិង​ចែករំលែកព័ត៌មាន សហការក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជំងឺឆ្លង និង​ព័ត៌មានក្លែងក្លាយ ព្រមទាំងជួយគ្នាទៅវិញទៅ មកក្នុងការសង្គ្រោះពេលមានគ្រោះមហ​ន្ដ​រាយធម្មជាតិ។

នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តសកម្ម​ភាពដោះមីន នៅ តាមព្រំដែន សំដៅពង្រឹងវិធានការសុវត្ថិភាព ដើម្បីការពារប្រជាពលរដ្ឋ និងសន្តិសុខជាតិ។

គួរបញ្ជាក់ដែរថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បាន បំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាការតបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា