ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យប្រធានផ្សាររដ្ឋទាំង២៥ ត្រូវយកចិត្ដទុកដាក់រឹតបន្ដឹងសន្ដិសុខ អប់រំ អនាមយ័បរិស្ថាន និងស្និទ្ធស្នាលជាមួយអាជីវករឱ្យបានល្អ

0

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យ ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថាននៅជុំវិញនិងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ គណៈកម្មការផ្សារត្រូវមានភាពស្និទ្ធស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធឱ្យបានល្អ ។

ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងផ្សាររដ្ឋទាំង២៥ផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ជំរុញឱ្យមានការគ្រប់គ្រង់ផ្សាររដ្ឋទាំង២៥ផ្សារ បានកាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានជុំវិញនិងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណាទទួលបានការគោរព និងស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ។

ឯកឧត្តមបន្តថា ប្រធានគណៈកម្មការផ្សារ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់ គ្រង ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឱ្យបានច្បាស់លាស់ចំពោះអាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលយើងថែទាំពួកគាត់ ។ បន្ថែមពីនេះទៀតយើងត្រូវណែនាំដល់ បងប្អូនប្រជាពលរដ្ឋនិងអាជីវករ ឱ្យ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ។

ឯកឧត្តម អភិបាលរាជធានី ក៏បានជំរុញ ឱ្យពិនិត្យបានហ្មត់ចត់ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង ល្អី ជាមួយនឹងការរកទីតាំងឱ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។  ការងារនេះទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវ ពិនិត្យឱ្យ បានហ្មត់ចត់។ ក្នុងនាមយើងជាអាណាព្យាបាលប្រជាពលរដ្ឋ គឺអាជ្ញាធរខណ្ឌទាំង ១៤ និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងអាជីវករគោរពស្រឡាញ់យើងឱ្យបានយូរអង្វែង នោះទើបយើងទទួលបានឈ្មោះជាឱពុកម្ដាយគេ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា