ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានប្ដេជ្ញាបន្តនូវវីរភាពគំរូរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើក ស្ទួយ និងអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។
តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភព លោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុង ជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និង ភាពកក់ក្តៅ សម្តេចធិបតីសូមផ្តល់អនុសាសន៍មួយចំនួនដូចជា ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។
សម្តេចធិបតី បានបន្តថា ត្រូវបង្កើនការវិនិយោគ លើកកម្ពស់ប្រសិទ្ធ ភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាមចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។ បន្ថែមពីនោះទៀត ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និង សហគ្រិនភាព ក៏ដូចជាការបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។
សម្តេចធិបតី បានបន្តទៀតថា ត្រូវបន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ» និងយុទ្ធនាការទេសចរណ៍ ដទៃទៀត។ បន្ថែមពីនោះទៀត ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ផ្ដល់កិច្ចសហការ និង ជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យ ទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និង បរិយាបន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយ នវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់៕
ប្រភព៖ ក្រសួងព័ត៌មាន