ភ្នំពេញ៖ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនីតិកាល ទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការបន្តស្តារលើកស្ទួយនិងអភិវឌ្ឍវិស័យទេសចរ ណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍គ្រប់ ជ្រុងជ្រោយមួយ ស្តីពី ការលើកកម្ពស់កិត្យានុភាពនិងភាពធន់របស់កម្ពុជាតាមរយៈការប្រែក្លា យកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញ ដោយកាលានុវត្តភាពនិងភាពកក់ក្តៅ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ចំនួន៥ចំណុច៖
១- ត្រូវបង្កើនការវិនិយោគនិងបន្តកសាងមូលធនមនុស្សបន្ថែមទៀតរាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍មានសមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគតនិងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។
ក្នុងន័យនេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ផ្នែកឯកជន ជួយសហការគាំទ្រក្រសួងទេសចរណ៍ក្នុងការបន្តពង្រឹងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់បុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ភាពជោគជ័យនៃការទាក់ទាញ និងការរក្សាបាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍ នឹងចូលរួមជំរុញដល់យុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ ធម្មជាតិ និងប្រពៃណីទំនៀមទំលាប់ខ្មែរ។
២- ត្រូវបង្កើនការវិនិយោគលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ស្របតាមចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។ ក្នុងបរិការណ៍នេះ សូមក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការអនុវត្តស្តង់ដារសណ្ឋាគារបៃតង អាស៊ាននិងឈានទៅបង្កើតស្ដង់ដារបៃតង សម្រាប់សេវាទេសចរណ៍នានា សំដៅចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។
៣-ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និង សហគ្រិនភាពក៏ដូចជាការបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។ ការណ៍នេះ យើងត្រូវធ្វើយ៉ាងណា ធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគី រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាស មីក្រូ តូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវា ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
៤-បន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ» និងយុទ្ធនាការទេសចរណ៍ដទៃទៀត។ ក្នុងន័យនេះ សម្តេចធិបតីសូមកោតសរសើរ ដល់ក្រសួងទេសចរណ៍ ដែលកន្លងមក បានអនុវត្តប្រកបដោយជោគជ័យនូវ “វិធានការគោលនយោបាយជំរុញទេសចរណ៍ ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣”។
៥- ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ផ្ដល់កិច្ចសហការ និង ជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការវិវត្តរបស់វិស័យ ទេសចរណ៍កម្ពុជានិងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និង បរិយាបន្នក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយ នវានុវត្តន៍ ភាពច្នៃប្រឌិតព្រមទាំងអភិវឌ្ឍ ធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា