សេចក្តីបំភ្លឺ តបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការយកពន្ធលើចំណេញមូលធន !

0

ភ្នំពេញ៖ ថ្មី​ៗ​នេះ​មានការ​ផ្សព្វផ្សាយ និង​ចែកចាយ លើ​បណ្តាញ​សង្គម នូវ​ព័ត៌មាន​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​ប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​ព័ត៌មាន​មិន​ពិត មាន​ច​រឹត​ជា​ការ​បំភាន់ បំភ្លៃ មួលបង្កាច់ នាំ​ឱ្យ​សាធារណជន មានការ​យល់​ច្រឡំ​។ ជាមួយ​គ្នា​នេះ​ករណី​ពន្ធ​លើ​ចំណេញ​មូលធន ក៏​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​ខុស​ពី​ការ​ពិត​ផង​ដែរ​។ យោង​តាម​សេចក្តី​បំភ្លឺ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ពន្ធ​ចំណេញ​មូលធន គឺ​មិនមែន​ជា​ប្រភេទ​ពន្ធ​ដែល​ទើបតែ​បង្កើត​ថ្មី​នោះ​ទេ​។ សម្រាប់​នីតិបុគ្គល ពន្ធ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក​ម្លេះ​។ ជាក់ស្តែង ក្រុមហ៊ុន និង​សហគ្រាស​នានា​បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ដែល​រួម​បញ្ចូល​ទាំង​ចំណេញ​មូលធន មិនតែប៉ុណ្ណោះ​សហគ្រាស​ដែល​ប្រកប​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​ក៏​បាន​បង់ពន្ធ​នេះ​ដែរ​។ ក្រោយមក​ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ច្បាប់​ស្តី​ពីសារ​ពន្ធ​នៅ​ឆ្នាំ​១៩៩៧ ហើយ​ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន សម្រាប់​រូបវន្តបុគ្គល​ត្រូវ​បាន​ចែង​លម្អិត​ក្នុង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០០៧​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត បែបបទ និង​នីតិវិធី​នៃ​ការ​ប្រមូល​ពន្ធ លើ​ចំណេញ​មូលធន​សម្រាប់​រូបវន្តបុគ្គល​រួចរាល់​តាំងពី​ឆ្នាំ​២០២០ ដោយ​ផ្អែក​លើ​គោលការណ៍​ទន់ភ្លន់ សាមញ្ញ ជាមួយនឹង​ការ​អនុគ្រោះ​ក្នុង​កម្រិត​ខ្ពស់ ប្រសិនបើ​ធៀប​នឹង​ការ​អនុវត្ត​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​សាកលលោក​។ ជា​ការ​គិតគូរ​ចំពោះ​ផល​ប៉ះពាល់​នានា បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-19 រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក៏​បាន​សម្រេច​ពន្យារពេល​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន សម្រាប់​រូបវន្តបុគ្គល ជា​បន្តបន្ទាប់​ចំនួន​៣​លើក​រួច​មក​ហើយ ដោយ​ចុង​ក្រោយ​កំណត់​យក​រយៈពេល​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ សម្រាប់​ទ្រព្យ​ជា​មូលធន ៥​ផ្នែក (​ភតិសន្យា​, ទ្រព្យ​វិនិយោគ​, កេរ្តិ៍ឈ្មោះ​អាជីវកម្ម​, កម្មសិទ្ធិបញ្ញា និង​រូបិយ​វត្ថុ​បរទេស​)​។ ដោយឡែក ពន្ធ​ចំណេញ​មូលធន​សម្រាប់​ផ្នែក​អចលនទ្រព្យ រាជរដ្ឋាភិបាល​បាន​សម្រេច​ពន្យារ​ការ​ចាប់ផ្តើម​អនុវត្ត​រហូត​ដល់​ដំណាច់ឆ្នាំ​២០២៤ ដើម្បី​ជា​ចំណែក​ដ៏​សំខាន់​មួយ​ចូលរួម​គាំទ្រ​បន្ថែម​ដល់​វិស័យ​អចលនទ្រព្យ​។​

​ដូច្នេះ​ការ​លើក​ឡើង​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បង្កើត​ពន្ធ​ថ្មី ឬ​ដំឡើង​អត្រាពន្ធ គឺ​ពុំ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​រាជរដ្ឋាភិបាល បាន​និង​កំពុង​ពិចារណា​បន្ថែម​លើ​ក្របខ័ណ្ឌ ក្នុង​ការ​សម្រួលការ​អនុវត្ត​ពន្ធ លើ​ចំណេញ​មូលធន ក៏​ដូច​ជា រយៈពេល​កំណត់​សម​ស្រប​ក្នុង​ការ​ចាប់ផ្តើម​អនុវត្ត​ពន្ធ លើ​ចំណេញ​មូលធន​សម្រាប់​រូបវន្តបុគ្គល​នេះ​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា