បាត់ដំបង៖ នៅថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៣និង៣០នាទី នៅចំណុចសកលវិទ្យាល័យ UME ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ យឹម អ៊ុង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង វាយទៅលើជនរងគ្រោះម្នាក់ឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបង្កជារបួសស្នាម
-ស្នាមក្រោមភ្នែកខាងឆ្វេង ដេរចំនួន០២ថ្នេរ ។
-បែកថ្ងាសដេរ ចំនួន០៧ថ្នេរ ។
-បែកក្បាលពីក្រោយដេរ ចំនួន០៨ថ្នេរ ។
-បែកក្បាលចំហៀងខាងឆ្វេងដេរ ចំនួន០២ថ្នរ ។
ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យឹម អ៊ុង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារចេញពីផឹកស៊ីជិះម៉ូតូជាមួយគ្នាបានទាស់ពាក្យសម្ដីគ្នាទើបបង្កជាហិង្សាតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ