ជនដៃដល់ម្នាក់វាយលើបុរសម្នាក់ បណ្តាលអោយរងរបួលធ្ងន់

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៣​និង​៣០​នាទី នៅ​ចំណុច​សកល​វិទ្យាល័យ UME ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ករណី ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស មួយ​កើតឡើង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ យឹ​ម អ៊ុ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ពៅ វាសនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​បង្ក​ជា​របួស​ស្នាម​:
-​ស្នាម​ក្រោម​ភ្នែក​ខាងឆ្វេង ដេរ​ចំនួន​០២​ថ្នេរ ។
-​បែក​ថ្ងាស​ដេរ ចំនួន​០៧​ថ្នេរ ។
-​បែកក្បាល​ពីក្រោយ​ដេរ ចំនួន​០៨​ថ្នេរ ។
-​បែកក្បាល​ចំហៀង​ខាងឆ្វេង​ដេរ ចំនួន​០២​ថ្នរ ។

ក្រោយ​ទទួល​ព័ត៌មាន ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​យោបល់​លោក​ឧត្តមសេនីយ៍ត្រី លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​ក្រុង​បាត់ដំបង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យឹ​ម អ៊ុ​ង មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសារ​ចេញពី​ផឹកស៊ី​ជិះ​ម៉ូតូ​ជាមួយ​គ្នា​បាន​ទាស់​ពាក្យ​សម្ដី​គ្នា​ទើប​បង្ក​ជា​ហិង្សា​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​-​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ