កំពង់ស្ពឺ៖ សព្វថ្ងៃមានប្រជាកសិករមួយចំនួននៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឹបានទទួលជោគជ័យក្នុងការដាំដំណាំទំពាំងបាយជូរ អាស្រ័យថាដំណាំនេះអាចដាំបាន គ្រប់ប្រភេទដីទាំងអស់ និងមានប្រភពទឹកស្រោចគ្រប់គ្រាន់លើកលែងតែដីលិចទឹកតែប៉ុណ្ណោះ ។ បើទោះបីជាដំណាំប្រភេទនេះ ឆាប់ឱ្យផលរយៈពេលតែ១ឆ្នាំក្រោយ នៃការដាំដុះ ក្តី ក៏ដំណាំមួយប្រភេទនេះ ត្រូវការចំណាយដើមទុនច្រើន ដូច្នេះមុននឹងសម្រេចចិត្តដាំ ទាមទារឱ្យមានការសិក្សាពីបច្ចេកទេស និងផលប៉ះពាល់ជាមុនសិន ដើម្បីចៀសវាងការចំណាយថវិកាច្រើនហើយមិនទទួលបានប្រាក់ចំណេញ ។
ដើម្បីជ្រាបច្បាស់ពីរឿងនេះសូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាដូចតទៅ៖
បច្ចុប្បន្នប្រជាពលរដ្ឋដែលចង់ទៅលេងចម្ការទំពាំងបាយជូរ មិនចាំបាច់ចំណាយប្រាក់ ច្រើន ដើម្បីធ្វើការហោះហើរទៅក្រៅប្រទេសនោះទេ គឺសព្វថ្ងៃប្រទេសកម្ពុជាមាន ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនបានដាំនិងបានទទួលជោគជ័យ។ ក្នុងនោះក៏មានខេត្តកំពង់ស្ពឺ ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ដោយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ ប្រហែលជាង១ម៉ោងប៉ុណ្ណោះ នឹងទៅដល់ចម្ការទំពាំងបាយជូរ ដែលមានទំហំធំល្វឹងល្វើយដាច់កន្ទុយភ្នែក។
ជួបជាមួយលោក ជួន ថាប៊ូរ៉ា ម្ចាស់ចម្ការ «ទំពាំងបាយជូររ៉ានីតា»ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានលើកឡើងថា៖ ចម្ការនេះបានចាប់ផ្តើមដាំដុះ តាំងពីឆ្នាំ២០១៦មកនិងនៅលើផ្ទៃដីប្រមាណជា៥ហិកតា ដោយទទួលបានការណែនាំនិងផ្តល់បច្ចេកទេសពីអ្នកជំនាញបរទេស ។ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ក៏មានការផ្លាស់ប្តូរអ្នកប្រឹក្សាបច្ចេកទេសជាច្រើននាក់ ដែលធ្វើឱ្យខូចខាតដំណាំទំពាំងបាយជូរអស់ជាង១ហិកតា ។ លោកបានបន្តថា៖ បន្ទាប់ពីបរាជ័យចំពោះការដំាដុះ លោកក៏បានស្វែងរក និងសិក្សាពីបច្ចេកទេសថ្មីៗដោយខ្លួនឯងពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាមិនទទួលបានទិន្នផលដូចការរំពឹងទុកក៏ដោយ ក៏លោកមិនដែលបោះបង់នូវក្តីស្រមៃនេះឡើយ ។ទាំងនេះអាស្រ័យដោយមហិច្ឆតារបស់លោក គឺចង់ផលិតទំពាំងបាយជូរហូបផ្លែ និងស្រាក្រហមដោយស្នាដៃកូនខ្មែរផ្ទាល់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
ម្ចាស់ចម្ការរូបនេះបន្ថែមថា៖ សម្រាប់ឆ្នាំនេះ ចម្ការទំពាំងបាយជូររបស់លោក ចាប់ផ្តើមប្រមូលផលបាន តាំងពីចុងខែមីនាមកម្ល៉េះ លើពូជទំពាំងបាយជូរមិនក្រោម១០ប្រភេទ រួមមាន៖ ពូជព្រៃខ្មៅនិងក្រហម ពូជអត់គ្រាប់អាមេរិក ,ពូជធ្វើស្រាជប៉ុន បារាំង អ៊ីតាលី ពូជធ្វើដំណាប់របស់ឥណ្ឌាជាដើម ។ លោកបានបន្តថា៖ ទម្រាំដាំដុះដំណាំទំពាំងបាយជូរបានផលដូចសព្វថ្ងៃនេះ គឺលោកចំណាយដើមទុនយ៉ាងច្រើន ដោយសារតែលោកមិនមានបទពិសោធន៍ដាំដុះ ត្រូវជួបផលលំបាកច្រើនតាំងពីចាប់ផ្ដើមដាំ ហើយជាពិសេសលើបញ្ហាគ្រោះធម្មជាតិតែម្តង ។
« ជាទូទៅទំពាំងបាយជូរគឺខ្លាចទឹកភ្លៀង ខ្លាចសន្សើម នៅពេលណាត្រូវភ្លៀងត្រូវសន្សើម ៗខ្លះជាសន្សើមប្រៃ ភ្លៀងមានជាតិអាស៊ីត ធ្វើឱ្យខូចត្រួយ។ ខូចត្រួយ ហើយកាលណាវាខូចត្រួយ គឺដើមខ្សោយ ដល់ខែប្រាំងយើងយកផលគឺបានតិច។ តែបើយើងថែខែភ្លៀងបាន ដើមវាខ្លាំងផ្លែច្រើន ដោយសារធម្មជាតិបង្រៀនយើង រៀនយូៗចេះ កន្លងមកក៏បានតិចដែរ ដោយយើងកាត់ចំភ្លៀងព្យុះ ហើយផ្កាកំពុងរីកខូចអស់ហើយ។ប៉ុន្តែឥឡូវនេះខ្ញុំដឹងថា ពេលដែលផុតធ្លាក់ទឹកភ្លៀងធ្វើមែកវាទៅ វាអាចផ្លែ នៅក្នុងចន្លោះខែ២ ដល់ ខែ៤ នៅក្នុងរដូវក្ដៅ វាផ្លែច្រើន ដូច្នេះទិន្នផលគឺអាចទទួលបានចាប់ពី១៥ទៅ២០តោន ដែរ» ។
លោកបានលើកឡើងទៀតថា៖ សព្វថ្ងៃចម្ការទំពាំងបាយជូររ៉ានីតា មានប្រហែលជិត១ម៉ឺនដើម ដែលទទួលទិន្នផលពី១៥ទៅ២០តោនក្នុងមួយឆ្នាំហើយដែលយើងអាចបញ្ជាឱ្យផ្លែពេលណាក៏បាន អាស្រ័យទៅលើទឹកភ្លៀង ។
លោក ជួន ថាប៊ូរ៉ា បានបញ្ជាក់បន្ថែមថា៖ នៅពេលថ្មីៗនេះក៏មានហាងបរទេសមួយកន្លែង ធ្វើការបញ្ជាទិញស្លឹកទំពាំងបាយជូរ ដោយក្នុងមួយគីឡូក្រាមលក់បានតម្លៃសឹងតែ១គុណនឹង៣នៃតម្លៃផ្លែ។
ហើយអាចមានហាងបរទេសច្រើនបើដឹង ពីព្រោះមានគេចង់ហូបស្លឹកវាហ្នឹង គេយកស្លឹកកណ្តាល ត្រួយខ្ចីពេក ចាស់ពេកក៏អត់យក គេយកស្លឹកកណ្តាល ។ ខ្ញុំសាកហូបមើល ធ្លាប់អ្នកជំនាញ គេមកលេងចម្ការខ្ញុំ គេនាំខ្ញុំហូបដែរ វាមានរស់ជាតិជូរចត់តិចៗ ស្រដៀងនឹងស្លឹកកន្ទួតតិច និងស្លឹកល្ងៀង>>។
លោក ជួន ថាប៊ូរ៉ា ម្ចាស់ចម្ការ «ទំពាំងបាយជូររ៉ានីតា» បានលើកឡើងទៀតថា៖ ចាប់តាំងពីដឹងថានៅខេត្តកំពស់ស្ពឺមានចម្ការរទំពាំងបាយជូរមក លោកតែងទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្ត ហើយអ្នកខ្លះទៀតក៏បានមកទស្សនាកម្សាន្តផ្តិតយករូបភាពពីចម្ការ ដោយសារតែនេះជាផ្លែឈើរបស់ខ្មែរ ហើយម្យ៉ាងទៀតក៏មានតម្លៃសមរម្យផងដែរ។
<< ខ្ញុំមានតែអរគុណពួកគាត់វិញ ម្នាក់ៗគាំទ្រទាំងអស់ ទាំង អាជ្ញាធរដែនដី និយាយរួមខ្មែរគាំទ្រតែម្តង ចូលចិត្តចង់បេះ ចង់ថត ចង់ឃើញ គឺស្កាត់មកពីណាៗមកគ្រប់ច្រកអស់ហើយ។ តែកន្លងមកដោយសារមានអ្នកមកលេងច្រើនទៅ ដោយសារគ្នាមកលេងមកគាំទ្រស្អីក៏បេះដែរ បើមិនឱ្យបេះខឹង ឥឡូវខ្ញុំគិតថាបើជ្រុលជាគាំទ្រហើយ បេះអីក៏បេះទៅ។ ហើយមិនត្រឹមតែប្រជាជនខ្មែរទេ ភ្ញៀវបរទេសមកលេងក៏បេះដែរ ខ្លះស្រុកគេអត់មានក៏បេះ ដូចនេះមានតែតាមដំណើរសិនទៅ មួយរដូវនេះ រីឯតម្លៃវិញ១គីឡូ១២០០០រៀលមិនថាអ្នកមកលេងចម្ការផ្ទាល់ ឬបោះលក់នៅលើទីផ្សារនោះទេ គឺលក់ដូចគ្នា >>។
តាមរយៈផេកវិគីភីឌា បានឱ្យដឹងថា៖ ទំពាំងបាយជូរ(Grapes) គឺជាផ្លែឈើដែលមានរសជាតិផ្អែមជូរ ហើយត្រូវបានគេចាត់ទុកវាជាអាហារបំប៉នមួយប្រភេទ ដែលក្រៅពីមានគុណប្រយោជន៍ខាងអាហារហើយនោះ ក៏នៅមានគុណភាពខាងឱសថជាច្រើនយ៉ាងទៀតផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន