ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញជំហរនៅក្នុងកិច្ចប្រជុំ UN ដោយយកពិភពលោកធ្វើជាសាក្សីថា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបទេសនៅលើទឹកដីកម្ពុជាឡើយ

0

ភ្នំពេញ៖ ការបង្ហាញជំហរបស់ប្រមុខដឹកនាំកម្ពុជានៅក្នុងកិច្ចប្រជុំរបស់ អង្គការសហប្រជាជាតិ(UN)គឺជាការយកពិភពលោកធ្វើជាកន្សិណសាក្សីថាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពណាមួយនៅក្នុងទឹកដីខ្លួនឡើយ។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម  ហ្សង់ ហ្រ្វង់ស័រ  តាន់ (Jean-Francois Tain) រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការក្រសួង ការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ក្នុងសន្និសីទសារព័ត៌មាន នានាព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក។

ឯកឧត្តម  ហ្សង់ ហ្រ្វង់ស័រ  តាន់ បានថ្លែងបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាតិដោយបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាត ឱ្យមានមូលដ្ឋានទ័ពបរទេសនៅក្នុងទឹកដីកម្ពុជាគឺបង្ហាញថាយកពិភពលោកជាកន្សិណសាក្សី។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា សារនយោបាយសំខាន់ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនទៅកាន់សហគមន៍អន្តរជាតិគឺចង់ឱ្យពិភពលោក យល់កាន់តែច្បាស់នូវជំហរឯករាជ្យ អាព្យាក្រឹត្យរបស់កម្ពុជានៅលើកឆាកអន្តរជាតិគឺកម្ពុជាក៏ដូចជាសកលលោកដែរមាន ទី១. កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងសកលលោកដែរគឺលើកកម្ពស់និងកម្កល់ផលប្រយោជន៍កម្ពុជាជាធំ។ ទី២. កម្ពុជាពង្រឹងមិត្តភាពដែលមានស្រាប់ និងពង្រីកមិត្តភាពដោយបើកដៃបើកបេះដូងទៅរកមិត្តភាពថ្មី និងទី៣. កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាដែលជាកងទ័ពបរទេសនៅលើទឹកដីកម្ពុជានោះទេ ដែលចំណុច នេះមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា៖ «ជារួមរឿងរ៉ាវរឿងមូលដ្ឋានយោធាជាច្រើនឆ្នាំមកហើយ ពេលនេះ គួរតែបញ្ចប់ ត្រូវតែចប់ពីព្រោះថានេះជាលើកទី១បង្អស់នៅលើវេទិការនៃអង្គសន្និបាតរបស់អង្គការសហប្រជាជាតិដែលសម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសយ៉ាងចំហទៅកាន់ពិភពលោក ដោយ យកពិភពលោកជាកន្សិណសាក្សី»។  «មិនអាចមានការទៅរួចទេដែលមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជានោះ។ និយាយមែនទែនទៅគួរឈប់និយាយរឿងនេះព្រោះសម្តេចធិបតីបញ្ជារួចហើយ ដោយយកពិភពលោកទាំងមូលធ្វើជាកន្សិណសាក្សី»។ នេះបើតាមការអះអាងរបស់ឯកឧត្តម  ហ្សង់ ហ្រ្វង់ស័រ  តាន់។

ឯកឧត្តម ហ្សង់ហ្រ្វង់ស័រ  តាន់ ក៏បានលើកឡើងផងដែរថា ពេលស្នាក់នៅ ក្នុងសហរដ្ឋអាមេរិកសម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតពង្រឹងទំនាក់ទំនងការទូតជា មួយបណ្តាប្រទេសនានានៅក្នុងពិភពលោក ដែលសុទ្ធតែជាប្រមុខដឹកនាំ និងប្រមុខការទូត ដូចជាអគ្គលេខាធិកាអង្គការសហប្រជាតិ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី  ប្រធានាធិបតីទីម៉រឡេស្តេ និងថ្នាក់ដឹកនាំជាច្រើនទៀតផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រតិភូអមនាយករដ្ឋមន្រ្ដីក៏បានអះអាងទៀតថាក្នុងជំនួបនៅទឹកដីអាម៉េរិកនេះ គឺជាជំនួបសំខាន់មួយនៅក្រៅក្រខណ្ឌអង្គសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៨គឺសម្តេចធិបតី ហ៊ុន  ម៉ាណែត បានជួបជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក ។ ក្នុងជំនួបនេះគឺបានប្រព្រឹត្តទៅយ៉ាងរាក់ទាក់ ស្និទ្ធស្នាលនិងរីករាក។ ក្នុងជំនួបនោះលោកជំទាវអនុរដ្ឋមន្រ្ដីស្ដីទីក៏បានថ្លែងបញ្ជាក់ថា អាម៉េរិកបានសម្រេចផ្តល់ទឹកប្រាក់ចំនួន១៨លានដុល្លាអាម៉េរិក បន្ទាប់ពីផ្អាកក្រោយការបោះឆ្នោតឆ្នាំ២០២៣កន្លងមក៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា