បន្ទាយមានជ័យ៖ ប្រជាកសិករក្នុងស្រុកមង្គលបូរី បាននិងកំពុងម មាញឹកចុះសម្រុកប្រមូលផលស្រូវស្រាលបង្កើនរដូវ ព្រោះតែប្រឈមខ្លាចទឹកលិចនោះ ត្រូវពួកឈ្មួញ ទិញតម្លៃថោកបន្តិច តែនៅខ្ពស់ជាងឆ្នាំមុន ។
ប្រជាកសិករនៅក្នុងឃុំចំណោម បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា រយៈពេលជិត១សប្តាហ៍ នេះ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា ហើយសំណង់បវេលនិងសំណង់ព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ ដំបង បើកទឹកទម្លាក់មកក្រោម បណ្តាលស្រូវនៅខាងលិចប្រឡាយព្រែក ត្រូវបានប្រឈមទឹកលិច ហើយប្រជាកសិករបានសម្រុកច្រូតកាត់ប្រមូលផលទាំងស្រូវសើម និងមិនទាន់ទំល្អ ធ្វើយ៉ាងណា ប្រមូលផុតពីទឹកលិច។
ប្រជាកសិករបានបញ្ជាក់ថា ក្រោយប្រជាកសិករសម្រុកប្រមូលផលស្រូវ រយៈពេល២ទៅ៣ថ្ងៃ នេះ ស្រាប់តែឈ្មួញបានទិញស្រូវបញ្ចុះតម្លៃតាមតែមាត់ថា ដូចស្រូវសែនក្រអូបទិញ១តោនតម្លៃ ១លានប្រាំមួយម៉ឺនរៀល បើប្រៀបធៀបមុនទឹកប្រឈមលិច ស្រូវសែនក្រអូប១តោនតម្លៃ ១លានដប់ ប្រាំមួយម៉ឺនរៀល បើប្រៀបនៅឆ្នាំមុនតម្លៃឆ្នាំនេះ តម្លៃថ្លៃជាងឆ្នាំមុន។
ប្រជាកសិករសំណូមពរ ដល់មន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មាន លោក ប៉ុក ឡៃជី និង អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី និងក្រសួងជំនាញ ចុះពិនិត្យ និងពង្រឹងទីផ្សារស្រូវកុំ ឱ្យឈ្មួញកំណត់តម្លៃតាមមាត់ថា និងបង្អាប់បញ្ចុះតម្លៃ ដូចជាច្រូតស្រូវមិនទាន់ទំល្អ និងស្រូវសើមតាម មាត់ថាបង្អាប់បញ្ចុះតម្លៃ។
លោក ចៅ ម៉ី មេឃុំចំណោម បានបញ្ជាក់ថា នៅពេលដែលប្រជាកសិករសម្រុកច្រូតស្រូវ នៅ ពេលជំនន់ទឹកភ្លៀង ប្រឈមប៉ះពាល់ស្រូវ ស្រាប់តែឈ្មួញទិញតម្លៃថោកជាងមុន តែតម្លៃស្រូវឆ្នាំ ២០២៣នេះ ថ្លៃជាងឆ្នាំ២០២២។ លោកបានប្រាប់ថា ប្រជាកសិករដែលបង្កបង្កើនផលស្រូវឆ្នាំនេះ ជួបគ្រោះរាំងស្ងួតដើមដៃ បណ្តាលស្រូវមានស្មៅច្រើន ទទួលបានផលតិចជាងឆ្នាំមុន ក្នុង១ហិកតា ទទួលផល ៤តោនទៅ៥តោន។
លោកបញ្ជាក់ថា ក្នុង១ថ្ងៃឈ្មួញទិញស្រូវសែនក្រអូប និងស្រូវ៥៤ និង ៥១ ស្រូវស្រង៉ែ ដែល ឈ្មួញទិញតាមប្រឡាយ ព្រែក ឃុំចំណោម ដឹកចេញមិនតិចជាង ៥០០តោននោះ ទេ។
យោងតាមរបាយការណ៍របស់លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទខេត្តបន្ទាយមានជ័យ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ ការងារដាំដុះដំណាំកសិកម្ម ដំណាំស្រូវរដូវ វស្សា ផែនការដាំដុះ ២៥២ ៣២០ហិកតា, ភ្ជួររាស់បានសរុប ២៥៥ ៣៤១ហិកតា, ដាំដុះសរុប ២៥២១៦៣ហិកតា។ ការប្រមូលផលស្រូវ (ដើមរដូវ) សរុប ២២៦ ៧៤៥ហិកតា ស្មើនឹង ១០០ភាគរយ នៃផែនការ ហើយបរិមាណ ផលសរុប ៧៦៨ ៧២៥តោន ។
ដោយឡែកដំណាំស្រូវដូវប្រាំង ផែនការដាំដុះ មានចំនួន ២២ ០០០ហិតតា, ភ្ជួររាស់បានសរុប ៥២ ៣៩៩ហិកតា, ដាំដុះសរុប ៥២ ៣៩៩ហិកតា ស្មើនឹង ២៣៨,១៨ ភាគរយ នៃផែនការ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា