ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូកម្ពុជាចំនួន២០ នាក់ ក្នុងនោះ ស្រី ០៦នាក់ បានចូលរួមទទួលការបណ្តុះបណ្តាលការអប់រំបែបឌីជីថល សម្រាប់ការបង្រៀន និងរៀន ក្នុងបរិវត្តន៍ឧស្សាហកម្ម ៤.០ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាជំនួយដល់ការបង្រៀន និងរៀន នៅតាមសាលារៀនដោយផ្នែកលើផែនការសកម្មភាព។ ជាមួយគ្នានេះ សិក្ខាកាមទាំងអស់បានទទួលការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), ការសិក្សាពីពិភពសិប្បនិមិត្ត (Metaverse) ជំនួយក្នុងការបង្រៀន និងរៀនរបស់សិស្សនៅលើប្រព័ន្ធអនឡាញ, ការសិក្សាអំពីកម្មវិធីសរសេរកូដ (Coding)។
លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា សិក្ខាកាមទាំងអស់បានធ្វើទស្សនកិច្ចសិក្សានៅតាមវិទ្យាល័យមួយចំនួន ដើម្បីស្វែងយល់អំពីការបង្រៀន និងរៀនរបស់គ្រូ និងសិស្ស ដែលជាការចាក់បញ្ចូលគ្នានៃពិភពឌីជីថល ទៅនឹងពិភពពិត។ លោកថ្លែងបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ កម្មវិធីវគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងយ៉ាងល្អច្បាស់លាស់ សម្រាប់សិក្ខាកាមដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីស្របនឹងបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ដែលបានកើតឡើង និងវិវត្តយ៉ាងឆាប់រហ័យនៅក្នុងការរស់នៅរបស់យើងទាំងអស់គ្នា ជាពិសេសបច្ចេកវិទ្យាថ្មី សម្រាប់ជំនួយដល់ការបង្រៀន និងរៀន។ ប៉ុន្តែទោះជាបច្ចេកវិទ្យារីកចម្រើនលឿនយ៉ាងណាក៏ដោយ ក៏វាមិនអាចជំនួស តួនាទីរបស់គ្រូបង្រៀនរបស់នៅក្នុងថ្នាក់រៀនបានដែរ ហេតុនេះហើយការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀននាពេលនេះ មានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា។
សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន បានចូលរួមយ៉ាងចំណែកយ៉ាងសកម្មលើកស្ទួយទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ ជាពិសេសគឺជួយកាត់បន្ថយ គម្លាតឌីជីថលក្នុងវិស័យអប់រំរបស់កម្ពុជា ការចូលរួមគាំទ្រនូវសកម្មភាពកំណែទម្រង់របស់ក្រសួងលើការអភិវឌ្ឍ សមត្ថភាពបុគ្គលិកអប់រំ ការលើកកម្ពស់ការអប់រំបែបឌីជីថលលើការអប់រំសរសេរកូដ និងបញ្ញាសិប្បនិម្មិតជាដើម។
លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់មន្ទីរអប់រំ នៃទីក្រុងប៊ូសាន ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង និងផ្ដល់ឱកាសឱ្យលោកគ្រូ-អ្នកគ្រូកម្ពុជាបានចូលរួម ទទួលបានបំណិនឌីជីថលចាំចាច់ ក៏ដូចជាការខិតខំនិងព្យាយាមសិក្សារបស់សិក្ខាកាមទាំងអស់របស់កម្ពុជា សម្រាប់បន្តយកទៅចែករំលែក បណ្ដុះបណ្ដាលបន្ដដល់គ្រូបង្រៀន និងសិស្សនៅតាមសាលារៀងៗខ្លួន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា