ភ្នំពេញ៖ គណៈប្រតិភូក្រសួងព័ត៌មានដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយវិទ្យុសំឡេងវៀតណាម នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីគណៈប្រតិភូបានបញ្ចប់ការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។
ដំណើរទស្សនកិច្ចដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលក្រសួងព័ត៌មានកម្ពុជានិងវិទ្យុសំឡេងវៀតណាមបានធ្វើនាពេលកន្លងមក ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិថ្មីៗបន្ថែមទៀតលើវិស័យព័ត៌មាននៃប្រទេសទាំងពីរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាមនាពេលកន្លងមក និងបច្ចុប្បន្នទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តោតលើការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអភិវឌ្ឍន៍ធនធានមនុស្សផ្នែកសារព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ការងារលើផ្នែកបច្ចេកទេស។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានជួយដល់កម្ពុជានូវឧបករណ៍បច្ចេកទេសវិទ្យុ និងទូរទស្សន៍ រួមមាន រថយន្តចល័តទូរទស្សន៍១គ្រឿង និងរថយន្តចល័តវិទ្យុ១គ្រឿង។
ឯកឧត្តម ដូ ធៀនស៊ី (Do Tien Sy) អគ្គនាយកនៃវិទ្យុសំឡេងវៀតណាមបានបញ្ជាក់ថា វិទ្យុសំឡេងវៀតណាមបានសហការជាមួយទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅគ្រប់ទ្វីប និងស្ថានីយផ្សាយសំឡេងជាតិផ្សេងៗគ្នាជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជាគឺជាទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពបំផុត។ ឯកឧត្ដមអគ្គនាយកវិទ្យុសំឡេងវៀតណាម Do Tien Sy បានសង្កត់ធ្ងន់ថា៖ «នាពេលខាងមុខ ភាគីយើងទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មានអំពីនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌…ឱ្យកាន់តែល្អប្រសើរថែមទៀត។ យើងខ្ញុំត្រៀមខ្លួន ជាស្រេចក្នុងការផ្លាស់ប្តូរ អ្នកជំនាញបច្ចេកទេសជាមួយកម្ពុជា។ យើងជឿជាក់ថា ទំនាក់ទំនងរវាងយើងនឹងបន្តអភិវឌ្ឍន៍ និងបន្តរួមចំណែកក្នុងការអះអាងពីទំនាក់ទំនងជិតស្និទ្ធ ដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា»។
សូមជម្រាបជូនថា នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាងក្រសួងព័ត៌មាននិងវិទ្យុសំឡេងវៀតណាមលើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននិងផ្សព្វផ្សាយ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា