អាមេរិក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាប“បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក នាល្ងាច ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៣ ថា សម្ដេចចេញទៅក្រៅប្រទេសទៅធ្វើការងារធំៗចំនួនបីគឺ៖ ការទូត នយោបាយ និងដើរទាក់ម៉ូយ ជាកាត្វកិច្ចដើម្បីតបស្នងសងគុណប្រជាពលរដ្ឋរបស់យើង។
សម្តេចធិបតី បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះដើម្បីសម្រេចនូវភារកិច្ចចម្បងៗរបស់យើងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងដាក់ចេញគោលនយោបាយអាទិភាព៦ចំណុច និងវិធានគន្លឹះ៥ចំណុច។
កម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន កម្មវិធីទី(៤) ការដាក់ចេញនិង ក្នុងប្រព័ន្ធ កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និង ការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ច សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារៗ កសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា