បាត់ដំបង ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៣និង១០នាទីរំលងទៀបភ្លឺ នៅចំណុចតូបលក់ចាបហួយក្រុមទី០១ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចរបស់ជនរងគ្រោះ ឈ្មោះ ឆេង សំណាង ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ លក់ដូរ។ សម្ភារៈបាត់បង់រួមមាន: ទឹកដោះគោជូរចំនួនកន្លះកេះទឹកក្រូចដបធំចំនួន ០៥ដប, ប្រាក់ចំនួន២០០០០(ពីរម៉ឺន)រៀល។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ អេង វ័ន្ដ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ(ឃាត់ខ្លួនបាន) និង២.ឈ្មោះ ដាំ សារ៉េន ហៅ អ៊ូក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មីឃុំត្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ (រត់គេចខ្លួន) នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីសាកសួរ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាពួកគេ ពិតជាបានធ្វើសកម្មភាពលួចយកកន្ត្រៃកាត់ទ្វារស័ង្កសី ចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកម្លាំងនគរបាលស្រុកកំរៀងសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្នាននគរបាលជាតិ