ទោះបីឆ្នាំនេះកម្ពស់ទឹកទន្លេទាបជាងឆ្នាំកន្លងទៅ ប៉ុន្តែបានផ្តល់នូវកត្តាវិជ្ជាមានយ៉ាងច្រើនសម្រាប់វិស័យកសិកម្ម

0

ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ធនធានទឹក​និង​ឧតុនិយម​បញ្ជាក់​ថា ទោះបី​ឆ្នាំ​នេះ​កម្ពស់​ទឹកទន្លេ​មេ​គ្គង និង​ទន្លេសាប ទាប​ជាង​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​បាន​ផ្តល់​នូវ​កត្តា​វិជ្ជា​មាន​យ៉ាងច្រើន​សម្រាប់​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​មួយ​ដ៏​សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ធានា​សន្តិសុខ​ស្បៀង​។

ឯកឧត្តម ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​ទី​១៧ ខែកញ្ញា​កន្លង​ទៅ នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តស្ទឹងត្រែង បាន​ឡើង​ដល់​៩​ម៉ែត្រ​៤៥ ដែល​កម្ពស់​ទឹក​នេះ​ខ្ពស់​គួរសម ប៉ុន្តែ​បើ​យើង​ប្រៀបធៀប​ជាមួយនឹង​កម្រិត​ដែល​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​គឺ​១០​ម៉ែត្រ ៧០ ដូច្នេះ​នៅ​ជាង​១​ម៉ែត្រ​ទៀត ទើប​ឈាន​ទៅ​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ ដោយឡែក​នៅ​ថ្ងៃ​ទី​២០​កន្លង​ទៅ​នេះ នៅ​ស្ថានីយ​ជល​សាស្ត្រ​ស្ទឹង​ត្រែង គឺ​ទឹក​មាន​កម្ពស់​ត្រឹមតែ​៧​ម៉ែត្រ​៧៧​តែ​ប៉ុណ្ណោះ ហើយ​ទឹកនឹង​បន្ត​ស្រក​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​មុខ​នេះ ដោយសារ​បណ្ដា​ស្ថានីយ​ជល​សាស្ត្រ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៅ​ក្នុង​ប្រទេស​ថៃ ឡាវ ពុំ​មាន​ភ្លៀង​ធ្លាក់​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ដូច្នេះ​ក្រសួង​អាច​សន្និដ្ឋាន​បាន​ថា ទឹកនឹង​អាច​បន្ត​ស្រក​ចុះ​ជា​បន្ថែម​ទៀត​។

ឯកឧត្តម​បាន​បន្ថែម​ថា ចំពោះ​ស្ថានីយ​បណ្ដា​ស្ថានីយ​ជល​សាស្ត្រ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ផ្នែក​ខាងក្រោម ចាប់ពី​ខេត្តក្រចេះ ខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម ជា​ពិសេស​គឺ​ស្ថានីយ​ជល​សាស្ត្រ​បា​សាក់ ចតុមុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ក៏​បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់ នៅ​ត្រឹម​៨​ម៉ែត្រ​០៥ ហើយ​ទឹកនឹង​ចាប់ផ្ដើម​ស្រក​ចុះ​ជា​បន្តបន្ទាប់​ទៀត​។

ឯកឧត្តម​បញ្ជាក់​ថា ទោះបីជា​ទឹក មិន​ទាន់​ឡើង​ដល់​កម្រិត​មួយ​ដែល​ក្រសួង​ចង់បាន​ក្ដី ប៉ុន្តែ​ការ​ហក់​ឡើង​នៃ​កម្ពស់​ទឹកទន្លេ​ទាំងអស់ នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​បន្តិចបន្តួច​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេ ប៉ុន្តែ​ស្ថានភាព​ទឹក​នេះ បាន​ចូល​ទៅ​តាម​ព្រែក​អាង​ស្តុក​ទឹក បឹងបួ ធម្មជាតិ និង​តំបន់​ទំនាប​នានា ខណៈ​ដែល​ពេល​កន្លង​មក ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ក៏​បាន​ផ្ញើ​សារ​ក្រើនរំឭក​ទៅ​ដល់​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​នៅ​តាម​រាជធានី​-​ខេត្ត​ទាំងអស់ ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ ត្រូវ​យកចិត្តទុកដាក់​ទាញ​ទឹក​បញ្ចូល​ទៅ​ក្នុង​អាង ក្នុង​ព្រែក ហើយ​ត្រូវ​តែ​ត្រៀម​វិធានការ ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​ទឹក​ទុក​ឱ្យ​បាន​សម្រាប់​ការ​ប្រើប្រាស់​ការ​ដាំ​ដុះ​នា​ពេល​ខាង​មុខ នៅ​ពេល​ដែល​ទឹក​ចាប់ផ្ដើម​ស្រក​។ «​ដោយ​ឥឡូវនេះ​យើង​ឃើញ​ថា វិធានការ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ដាក់​ចេញ ទី​១ ក្នុង​ការ​ទាញ​ទឹក​ចូល​ទៅ​ក្នុង​ព្រែក បឹង បួ​។ ទី​២ បាន​នាំ​ចូល​ដីល្បាប់ ដែល​មាន​ជីជាតិ​ទៅ​ចាក់​បំពេញ​ដីស្រែ​ចម្ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ជីជាតិ​ឡើង​វិញ ទី​៣​នៅ​ពេល​ដែល​មាន​ទឹកទន្លេ​ចូល​របៀប​នេះ នឹង​ធ្វើ​ឱ្យ​សត្វល្អិត​ចង្រៃ​ងាប់​។ អ៊ីចឹង​ទេ​មក​ដល់​ថ្ងៃនេះ កម្ពស់​ទឹក​បឹង​ទន្លេសាប​នៅ​ស្ថានីយ​ជល​សាស្ត្រ​កំពង់​លួង ដែល​ស្ថិត​នៅ​កម្ពស់​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ គឺ​មាន​កម្ពស់​ទឹក​៥​ម៉ែត្រ ២៦ ហើយ​កម្ពស់​ទឹក​បឹង​ទន្លេសាប​អាច​នឹង​កើនឡើង​សន្សឹម​សន្សឹម ក្នុង​រយៈពេល​ពីរ​ឬ​បី​ថ្ងៃ​ទៅ​មុខ​ទៀត​។ ហើយ​កាលណា​ទឹក​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប ច្រើន​ធ្វើ​ឱ្យ​មាន​មាឌ​របស់​បឹង​ទន្លេសាប​វា​រីក​ធំ លិច​ព្រៃ​លិច​ទឹក ដែល​នៅ​អម​សងខាង​បឹង​នេះ ហើយ​ព្រៃ​នេះឯង​ដែល​ជា​ជម្រក​ពង​កូន​របស់​មច្ឆជាតិ​គ្រប់​ប្រភេទ នៅ​តំបន់​មេគង្គ​លើ​និង​តំបន់​បឹង​ទន្លេសាប​។​»

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ ក្រសួង​កំពុង​តែ​ធ្វើការ​តាមដាន​និង​យកចិត្តទុកដាក់​មួយ​បន្ថែម​ទៀត ទាក់ទង​ទៅ​នឹង​ស្ថានភាព​អាកាសធាតុ ក្នុង​នោះ​ការ​ព្យាករ​ប្រចាំ​រដូវ​របស់​ក្រសួង ក៏​បាន​ជូនដំណឹង​ម្ដង​រួច​មក​ហើយ​ថា រដូវវស្សា​ឆ្នាំ​នេះ អាច​នឹង​ឆាប់​បញ្ចប់​ឆាប់​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ ដោយ​រហូត​មក​ដល់​ពេល​នេះ​សញ្ញា​នៃ​ការ​លេចឡើង នៃ​របាយ​ទឹកភ្លៀង​ដែល​ចាប់ផ្តើម​ចុះ​ខ្សោយ គឺ​កាន់តែ​លេចឡើង​ច្បាស់​ថា នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​អាច​ភ្លៀង​រាយ​ប៉ាយ ប៉ុន្តែ​ចាប់ពី​ស​ប្ដា​ហ៍​ក្រោយ​ទៅ របាយ​ទឹកភ្លៀង​នឹង​ចាប់ផ្តើម​ចុះ​ខ្សោយ​ជា​បន្ត ខណៈ​ដែល​រហូត​មក​ដល់​ពេល​នេះ បាតុភូត​ព្យុះ មាន​ត្រឹមតែ​១៣​លើក​ប៉ុណ្ណោះ ដូច្នេះ​ស្ថានភាព​កម្ពស់​ទឹកទន្លេ នឹង​ស្រក​ចុះ​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​៕

ប្រភព៖ ក្រសួងព័ត៌មាន