សៀមរាប៖ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

លោក អ៊ឹម សុខរិទ្ធី បានបន្តថា ចំពោះឆ្នាំ២០២៣នេះ ថ្ងៃរះលើកំពូលអង្គរវត្តចំថ្ងៃសមរាត្រីរដូវវស្សានេះ នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថើ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា គិតនៅប្រទេសកម្ពុជាយើង។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។

ករណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាល នៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុកតារាជ (ខ្លោងទ្វារធំខាងលិច) ។ នេះជារឿងអច្ឆរិយរបស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់ របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរ ដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច?។

សម្រាប់ព្រឹត្តិការណ៍សមរាត្រីរដូវវស្សានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្ងៃរះមិនល្អទេដោយសារអាកាសធាតុមិនល្អ ដោយមានភ្លៀងរលឹមផងដែរ។ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរ ដែលទៅទស្សនា គឺមានចំនួនច្រើនកុះករ ៕