ភ្នំពេញ៖ សត្វពង្រូល គឺជាប្រភេទថនិកសត្វជិតផុតពូជបំផុត ដែលត្រូវបានគេប្រទះឃើញមាននៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពង្រូលជាសត្វមានអណ្តាតវែងស្អិត ដែលអំណោយផលយ៉ាងល្អ ក្នុងការចាប់យកសត្វស្រមោច, កណ្តៀរ, និងសត្វល្អិតដទៃទៀតជាអាហារ បានយ៉ាងងាយស្រួល ដោយវាស៊ីសត្វល្អិតដល់ទៅ៧០លានក្នុងមួយឆ្នាំ។

មន្ត្រីអង្គការ USAID មរតកបៃតង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា ជាធម្មតាកូនសត្វពង្រូលតោងកន្ទុយមេរបស់វា រយៈពេលបីខែដំបូង រហូតដល់កូនពង្រូលដុះស្រការឹងមាំ។ តើអ្នកដឹងទេថា សត្វពង្រូលក៏អាចហែលទឹកឆ្ងាយៗបានយ៉ាងល្អផងដែរ។

តួខ្លួនរបស់សត្វពង្រូល គ្រប់ដណ្តប់ទៅដោយស្រកាដ៏ក្រាស់ ដែលផ្តល់ជាខែលសម្រាប់ការពារខ្លួនរបស់វាផងដែរ។ នៅពេលដែលវាទទួលរងការវាយប្រហារ សត្វពង្រូលតែងរមួលខ្លួនឱ្យមានរាងមូលដូចជាបាល់ ដើម្បីការពារពោះរបស់វាដែលជាចំណុចងាយរងគ្រោះ ហើយស្រការបស់វាបានធ្វើជាខែលដ៏រឹងមាំ ដើម្បីការពារខ្លួនពីសត្វប្រមាញ់ផ្សេងៗ ដូចជាខ្លារខិន ជាដើម។

ប៉ុន្តែយុទ្ធសាស្ត្រការពារខ្លួនបែបនេះ បានធ្វើឱ្យសត្វពង្រូលបែរជាងាយរងគ្រោះ ពេលជួបមនុស្សទៅវិញ ដោយមនុស្សអាចចាប់រើសវាបានយ៉ាងងាយ នៅពេលគេប្រទះឃើញវា កត្តានេះក៏បានធ្វើឱ្យសត្វពង្រូលងាយរងគ្រោះជាងគេ ក្នុងការជួញដូរសត្វព្រៃ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា