ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននិងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។
ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងអំឡុងនៃជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងឯកឧត្តម ង្វៀន ម៉ាញ់ហុង (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងជម្រាបជូនសមភាគីវៀតណាមអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការព័ត៌មាន និងការពង្រឹងគុណភាព សារព័ត៌មាន ព្រោះព័ត៌មានដើរតូនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គមជាពិសេសពីហ្វេសប៊ុក និងតិកតុក។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិត។ ព័ត៌មានក្លែងក្លាយដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា វាបានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឱ្យខាងតែបាន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មានដោយក្រសួងព័ត៌មាននិងគមនាគមន័វៀតណាមស្វាគមន៍ និងត្រៀមខ្លួនផ្តល់នូវការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាលនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ង្វៀន ម៉ាញ់ហុង (Nguyen Manh Hung) ដែលនាពេលកន្លងទៅ ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមបានសម្របសម្រួលនិងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកកាសែតកម្ពុជា និងការគាំទ្រផ្នែកសម្ភារសម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរបានឯកភាពលើការងារសម្របសម្រួលកសាងច្រកព័ត៌មានសម្រាប់ប្រទេសទាំងពីរដើម្បីផ្សព្វផ្សាយព័ត៌មានគ្នាទៅវិញទៅមក និងធ្វើឱ្យពលរដ្ឋទាំងពីរទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកតាមរយៈការសហការរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមករវាងក្រុមអ្នកកាសែតខ្មែរនៅវៀតណាម និងអ្នកកាសែតវៀតណាមមកកម្ពុជាដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក។ ក្នុងជំនួបនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម និងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា