ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣នេះរំហូរវិនិយោគផ្ទាល់ពីបរទេសមានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦ ភាគរយ សម្រាប់ឆមាសទី១ ឆ្នាំ ២០២៣ ធៀបនឹង០,៤ភាគរយ ឆ្នាំ ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលមានការរឹតបន្តឹងយ៉ាងណាក្ដី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗត្រូវ បានរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញពីនិន្នាការនិងដំណើរវិវត្តន៍ជារួមនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋានដល់ការដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ វិស័យកសិកម្មត្រូវបានវាយតម្លៃថាសម្រេចបានកំណើន ០,៩ភាគរយដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយ ដ្ឋានត្រូវបានវាយតម្លៃថាងើបឡើងវិញលឿនក្នុងអត្រា ៤១,៥ភាគរយ។
បើតាមសេចក្ដីប្រកាសបានបន្ថែមថា ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានប៉ាន់ស្មានថានឹងមានកំណើនរឹងមាំក្នុងអត្រាប្រមាណ ១១,៧ភាគរយ ដូចការរំពឹងទុកដែលគាំទ្រភាគច្រើន ដោយការនាំចេញបន្ទះសូឡា ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិកស្របពេលដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុង អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរមានការកើនឡើងយ៉ាងគំហុកក្នុងអត្រា១៧២ភាគរយ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា