ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំរកទីផ្សារជូនប្រជាកសិករ ខណៈរដូវច្រូតកាត់កាន់តែខិតជិតមកដល់។ នេះបើយោងតាមសេចក្តីប្រការព័ត៌មាននៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធត្រូវខិតខំរកទីផ្សារកសិផលសម្រាប់ប្រជាកសិករ ជាពិសេស នៅក្នុងរដូវច្រូតកាត់ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ ព្រមទាំងផ្តល់ការ ពិគ្រោះយោបល់អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់។ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលក៏ណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប និងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ដែលជារឿយៗកើតឡើងនៅចុងរដូវវស្សា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង ការទទួលខុសត្រូវលើការប្រើប្រាស់ធនធានឱ្យចំគោលដៅនិងមានប្រសិទ្ធភាព ដើម្បីរក្សាតុល្យភាព ចំណូលនិងចំណាយថវិកាជាតិ សំដៅពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ពង្រឹងការផ្សព្វផ្សាយ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជូនវិស័យឯកជន និងសាធារណជន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអកុសលនិងមិនពិតពីសំណាក់ជនអគតិ និងដើម្បីជួយវិស័យឯកជន អាចសម្រេចចិត្តបានត្រឹមត្រូវនិងច្បាស់លាស់ក្នុងដំណើរការអាជីវកម្ម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា