កសិករ ទិត្យ សុផារ៉ូ ប្តូរពី​កាប់​ឈើ​ខុស​ច្បាប់​ទៅធ្វើ​ស្រែ​សរីរាង្គ ក្នុងដែនជម្រកសត្វព្រៃកែវសីមា

0

ភ្នំពេញ៖ មន្ត្រីគម្រោង USAID មរតកបៃតង បានឱ្យដឹងនៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា គម្រោងរបស់គេបានផ្សព្វផ្សាយអំពីកម្មវិធីស្រូវត្រយង ដើម្បីគាំទ្រកសិករស្រូវសរីរាង្គ និង ការពារធនធានធម្មជាតិរបស់កម្ពុជា នៅពេលដែលទិន្នផលស្រូវទាប ។ តាមរយៈគម្រោងនេះបានធ្វើឱ្យជីវភាពរបស់លោក ទិត្យ សុផារ៉ូ ពីការលំបាកមករស់នៅសមរម្យ ។ គាត់មិនអាចពឹងផ្អែកលើការងារផ្សេងទៀតបានទេ ហើយគាត់ទទួលខុសត្រូវមើលថែប្រពន្ធ និងកូនប្រុសអាយុ ៣ឆ្នាំនៅ ភូមិពូចា ស្ថិតនៅជាប់ព្រំប្រទល់ ដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់ព្រៃដ៏ធំល្វឹងល្វើយ នៅភាគខាងកើតនៃប្រទេសកម្ពុជា។

កសិករ ទិត្យ សុផារ៉ូ គាត់តែងតែឃើញអ្នកជិតខាងលក់ឈើ ដែលបានពីព្រៃទៅឱ្យឈ្មួញជារឿយៗ ។ ទោះបីជាគាត់ដឹងថា ព្រៃឈើទាំងនោះស្ថិតក្នុងតំបន់ការពារធម្មជាតិ ដែលការកាប់ឈើជាអំពើខុសច្បាប់ក៏ដោយ ក៏គាត់នៅតែចូលរួមជាមួយអ្នកភូមិ ហើយចូលទៅក្នុងព្រៃដោយសង្ឃឹមថា វានឹងធ្វើឱ្យស្ថានភាពគ្រួសាររបស់គាត់ប្រសើរឡើង។ ទិត្យ សុផារ៉ូ បាននិយាយថា «ខ្ញុំបានប្រថុយជីវិតពេលខ្ញុំដឹកឈើតាមម៉ូតូចេញពីព្រៃ។ វាមានគ្រោះថ្នាក់ណាស់គួបផ្សំនឹងឧបសគ្គជាច្រើន ជាពិសេសគឺការរត់គេចពីមន្រ្តីឧទ្យានុរក្ស» ។ ទិត្យ សុផារ៉ូ មិនបានរៀនចប់ថ្នាក់បឋមសិក្សាទេ ហើយក្រោយពេលរៀបការ គាត់បានចាប់ផ្តើមធ្វើស្រែលើផ្ទៃដី ១,៥ហិកតាក្នុងឆ្នាំ២០១៦ ។ វាលស្រែរបស់គាត់ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ។

ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថា ជាតំបន់ការពារធម្មជាតិដែលមានជីវៈចម្រុះជាច្រើន និង ងាយរងគ្រោះបំផុតផងដែររបស់ប្រទេសកម្ពុជា ដែលផ្ដល់ជាជម្រកដល់សត្វព្រៃយ៉ាងតិច ៧៥ប្រភេទ ដែលត្រូវបានចុះបញ្ជីជាប្រភេទ រងការគំរាមកំហែងក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។ ដែនជម្រកសត្វព្រៃនេះជាជម្រករបស់សត្វស្លាបយ៉ាងហោចណាស់ ៣៥០ប្រភេទ ដែលរួមមានសត្វស្លាបត្រសេះជាង ២០ប្រភេទផងដែរ។ ដែនជម្រកសត្វព្រៃកែវសីមាក៏ជាទីជម្រកដ៏សំខាន់ជាពិសេសសម្រាប់សត្វស្វា,ទោច, រញីភ្លើង, ក៏ដូចជាប្រភេទសត្វស្វាចំនួន៧ប្រភេទ ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនេះ ដូចជាស្វាកន្ទុយស និងសត្វទោចថ្ពាល់លឿង ដែលជាប្រភេទសត្វជិតផុតពូជ។ តំបន់ទេសភាពនេះ គឺជាជម្រករបស់សត្វដំរីព្រៃមួយភាគបួននៃចំនួនដែលនៅសល់របស់ប្រទេសកម្ពុជា។

ជាច្រើនឆ្នាំមកនេះ កសិករដូចជា ទិត្យ សុផារ៉ូ បានប្រឈមមុខនឹងបញ្ហាក្នុងការស្វែងរកទីផ្សារ និងចរចាជាមួយឈ្មួញទិញស្រូវ។ ដោយមិនពេញចិត្តនឹងតម្លៃស្រូវក្នុងស្រុក កសិករបានងាកទៅរកការកាប់ឈើ និងការបរបាញ់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលអាចបន្ថែមប្រាក់ចំណូល។ កសិករផ្សេងទៀតបានបោះបង់ស្រែរបស់ពួកគេទៅរកការងារធ្វើនៅទីក្រុងដូចជា រាជធានីភ្នំពេញជាដើម។

នៅឆ្នាំ២០១៩ ទិត្យ សុផារ៉ូ បានដឹងខ្លួនថា គាត់មានកំហុសយ៉ាងខ្លាំងក្នុងការកាប់ឈើខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ និងដែនជម្រកសត្វព្រៃ។ នៅក្នុងឆ្នាំដដែលនោះដែរ គាត់ក៏បានសម្រេចចិត្តចូលរួមក្នុងកម្មវិធីស្រូវត្រយង ហើយបានបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងអស់។ កម្មវិធីស្រូវត្រយង គឺជាសហគ្រាសសង្គមមួយ ដែលគាំទ្រដោយទីភ្នាក់ងារជំនួយអាម៉េរិក USAID ដើម្បីជួយកសិករធ្វើស្រែនៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ផ្លាស់ប្តូរទៅរកការផលិតស្រូវផ្កាម្លិះសរីរាង្គដែលអាចលក់បានក្នុងតម្លៃពិសេស។ ស្រូវនេះមានការបញ្ជាក់ត្រឹមត្រូវថា ស្រូវដែលមានមេត្រីភាពសត្វព្រៃ ហើយកសិករត្រូវប្ដេជ្ញាអនុវត្តតាមគោលការណ៍អភិរក្សជាមូលដ្ឋាន ដូច ជាមិនកាប់ដើមឈើ ឬបរបាញ់សត្វជាដើម។

តាមរយៈជំនួយបន្តពី USAID មរតកបៃតង កម្មវិធីស្រូវត្រយង ផ្តល់ជូនកសិករនូវពូជស្រូវ និង ការបណ្តុះបណ្តាលជាបន្តបន្ទាប់ លើបច្ចេកទេសដាំដុះស្រូវសរីរាង្គ។ បន្ទាប់មក កម្មវិធីស្រូវត្រយងទិញស្រូវដោយផ្ទាល់ដល់វាលស្រែក្នុងតម្លៃ ៤០ ទៅ ០ ភាគរយខ្ពស់ជាងតម្លៃទីផ្សារ នៃស្រូវក្នុងស្រុក ។ជាសមាជិកកម្មវិធីស្រូវត្រយង ដីស្រែរបស់សុផារ៉ូ ត្រូវបានវាស់វែងកំណត់ទំហំផ្ទៃដីដាំដុះជាក់លាក់ ដើម្បីធានាថា គាត់នឹងមិនឈូសឆាយដីបន្ថែមទៀត។ បន្ទាប់មក ទិត្យ សុផារ៉ូ បានចំណាយពេលបីឆ្នាំ ដើម្បីអនុវត្តតាមស្តង់ដារស្រូវសរីរាង្គ មុនពេលអង្កររបស់គាត់អាចទទួលបានការបញ្ជាក់ថាជាស្រូវសរីរាង្គ។ ក្នុងអំឡុងពេលបីឆ្នាំនោះ កម្មវិធីស្រូវត្រយង ផ្តល់ប្រាក់លើកទឹកចិត្តតិចតួចដល់កសិករ ដើម្បី ឱ្យពួកគេបំពេញលក្ខខណ្ឌនេះ ។ នៅឆ្នាំទីបី កសិករអាចទទួលបានតម្លៃបុព្វលាភ ដែលខ្ពស់ជាងទីផ្សារក្នុងស្រុកដល់ទៅ ៤០-៧០ភាគរយ ។

ទិត្យ សុផារ៉ូ បញ្ជាក់ទៀតថា «តាមរយៈការចូលរួមក្នុងកម្មវិធីស្រូវត្រយង ខ្ញុំបានដឹងថា ខ្ញុំអាចរកប្រាក់ចំណូលបានច្រើនជាងការកាប់ឈើខុសច្បាប់។ ខ្ញុំមានអារម្មណ៍ថា ទី១ខ្ញុំជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្ស ហើយទី២ទៀតនោះ ខ្ញុំក៏ជួយកសិករផ្សេងទៀតផងដែរ។ » ជាមួយនឹងប្រាក់ចំណូលបន្ថែម ខ្ញុំអាចមានលទ្ធភាពឱ្យកូនប្រុសដែលមានអាយុ៦ឆ្នាំចូលរៀន ហើយខ្ញុំរំពឹងថានឹងបញ្ជូនកូនទៅវិទ្យាល័យ និងខ្ពស់ជាងនេះទៀត។ សុផារ៉ូ និង ប្រពន្ធរបស់គាត់ក៏បានបង្កើតមុខរបរលក់គ្រឿងទេសតូចមួយបន្ថែមទៀត នៅក្នុងភូមិរបស់ពួកគេដែរ។

ដោយការប្តេជ្ញាចិត្ត និងការផ្តោតលើកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ ទិត្យ សុផារ៉ូ គាត់សង្ឃឹមថា នឹងអាចពង្រីកការដាំដុះស្រូវត្រយង ១,៥ហិកតាទៀតនៅឆ្នាំក្រោយ ។ លើសពីនេះទៀត គាត់ត្រូវបានផ្តល់តួនាទីជាសមាជិកគណៈកម្មការបណ្តាញទីផ្សារភូមិ ដើម្បីជួយផ្សព្វផ្សាយកម្មវិធីស្រូវត្រយងដល់អ្នកភូមិបន្ថែមទៀត និង ជ្រើសរើសពួកគេឱ្យចូលរួមក្នុងកម្មវិធីស្រូវត្រយង៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា