ភ្នំពេញ៖ ក្រុមហ៊ុន Pricerite Group Limited បានបង្ហាញពីការចាប់អារម្មណ៍មកលើអង្ករកម្ពុជា បន្ទាប់ពីអង្ករកម្ពុជាត្រូវបានឈ្នះពានរង្វាន់៥ដង និងត្រូវបានទទួលស្គាល់ថា ជាអង្ករដែលមានគុណភាពល្អ និងមានរសជាតិឆ្ងាញ់នៅទីក្រុងហ៊ុនកុង។ ការលើកឡើងរបស់ក្រុមហ៊ុននេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយគណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ គណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited បានបង្ហាញពីការចាប់អារម្មណ៍ និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ ដោយសារវត្តមានរបស់អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុងកំពុងត្រូវបានគេទទួលស្គាល់ថាជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ព្រមទាំងជាអង្ករដែលបានឈ្នះពានរង្វាន់ដល់ទៅ៥ដងផងដែរ។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា កម្ពុជាមានគោលជំហរក្នុងការនាំចេញអង្ករ ដោយផ្ដោតទៅលើគុណភាព និងរសជាតិ ព្រមទាំងមានតម្លៃខ្ពស់ទៅកាន់ទីផ្សារនៃទីក្រុងហុងកុង ដែលនេះនឹងផ្តល់ប្រាក់ចំណេញច្រើនដល់អ្នកនាំចូល និងមិនផ្តោតលើប្រកួតប្រជែងតែខាងផ្នែកបរិមាណនោះទេ។ ឯកឧត្តមរដ្ឋមន្រ្ដី បានលើកទឹកចិត្តឱ្យខាងក្រុមហ៊ុនជំរុញការនាំចូលអង្ករសែនក្រអូប និងផ្ការំដួល ដែលជាប្រភេទអង្ករយុទ្ធសាស្ត្ររបស់កម្ពុជា ដោយបង្កើនការផ្សព្វផ្សាយ និងភាពទាក់ទាញ ដើម្បីធ្វើទីផ្សារអង្ករកម្ពុជាមានតម្រូវការទូលំទូលាយពីអ្នកបរិភោគនៅហុងកុង ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារ និងមានម៉ាកសញ្ញាដែលបង្ហាញពីអត្តសញ្ញាណនៃអង្ករកម្ពុជាមួយពិតប្រាកដ។
ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់បន្ថែមថា ការងារនេះក៏ នឹងត្រូវមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជននៅក្នុងប្រទសកម្ពុជាផងដែរ ដូចជាសហព័ន្ធស្រូវអង្ករជាដើម។
គួរបញ្ជាក់ដែរថា បើយោងទៅតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសក្នុងបរិមាណ ៣៦២ ៧៩៨ តោន ទៅកាន់ប្រទេសគោលដៅចំនួន ៥២ នៅលើពិភពលោក ដោយបរិមាណនេះ ស្មើនឹង ៥២ ភាគរយ នៃ ផែនការ ៧០ ម៉ឺន តោន នៅក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២៣៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា