ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុន ជប៉ុនដែលមានគោលបំណងជំរុញការដាំដុះ «ដំណាំស្គួយ-Barley» នៅកម្ពុជា និងធ្វើការកែច្នៃនាំចេញទៅប្រទេសជប៉ុន។ការស្វាគមន៍នេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Nishida Barley Processing Co., Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម ឌិត ទីណា បានលើកឡើងថា អាទិភាពនៃការអភិវឌ្ឍកសិកម្មនៅកម្ពុជា គឺជំរុញកសិផលដែលមានសក្តានុពល និងមានទីផ្សារស្រាប់ ដើម្បីធ្វើឱ្យកសិករមានប្រាក់ចំណូល និងមានជីវភាពល្អប្រសើរជាងមុន។ ឯកឧត្ដមរដ្ឋមន្ដ្រីបានថ្លែងថា កម្ពុជាមានភាពខ្លាំងរបស់ខ្លួនលើដំណាក់កាលផលិតកម្មនិងការដាំដុះនៃច្រវាក់ផលិតកម្ម តែនៅត្រូវការចាំបាច់ច្រើននូវការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសសម្រាប់ទីផ្សារនាំចេញ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា បើចង់ជំរុញឱ្យកសិករដាំដុះដំណាំប្រភេទថ្មី ចាប់យកទីផ្សារថ្មី បង្កើតច្រវាក់ផលិតកម្មថ្មី លុះត្រាតែក្រុមហ៊ុនអាចធានាឱ្យបាននូវនិរន្តរភាពនៃទីផ្សារធំទូលំទូលាយ និងអាចផ្តល់ប្រាក់ចំណេញយូរអង្វែង ទើបមានការចូលរួមពីកសិករ។ ឯកឧត្តមបានបន្ថែមថា ទោះជាយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតែផ្តល់ការសហការគាំទ្រ និងសិក្សាបន្តទៀតសម្រាប់ការវិនិយោគដំណាំកសិកម្មថ្មីៗនៅកម្ពុជា។
គួរបញ្ជាក់ដែរថា នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញដំណាំកែច្នៃដូចជាគ្រាប់ស្វាយចន្ទីចំនួន ១ ៥៥៧ តោនទៅកាន់ក្រៅប្រទេស៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា