ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Sune Svenningsen ប្រធាននាយកប្រតិបត្តិរបស់ International SOS ប្រចាំប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ជូន លោក Sune Svenningsen និងសហការី International SOS ដែលបានអញ្ជើញជួបពិភាក្សា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្នើសុំកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍសេវាថែទាំសុខភាពនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោង និងបេសកកម្មទាំងឡាយរបស់ International SOS។
លោក Sune Svenningsen បានថ្លែងអបអរសាទរ និងជូនពរក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោក Sune Svenningsen បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថា International SOS គឺជាក្រុមហ៊ុនវេជ្ជសាស្ត្រដែលមានបទពិសោធន៍ជាង ៣៦ឆ្នាំ ក្នុងការគាំទ្រ និងបានផ្តល់សេវាកម្មជាច្រើនរួមមាន ព័ត៌មានសុខភាព និងហានិភ័យ (Health and Risk Information) ការគាំទ្រផ្នែកថែទាំសុខភាព ជំនួយផ្នែកវេជ្ជសាស្ដ្រ ការជម្លៀសក្នុងគ្រាមានអាសន្ន និងមានលទ្ធភាពទូលំទូលាយក្នុងការធ្វើលទ្ធកម្មក្នុងការផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រផ្សេងៗ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត International SOS បន្តពិភាក្សាលម្អិតជាមួយនឹងមន្ត្រីបច្ចេកទេស នៃក្រសួងសុខាភិបាល ដើម្បីជួយគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសសិក្សាលើលទ្ធភាពក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ និងបញ្ជូនភ្ញៀវទេសចរនៅតំបន់ដាច់ស្រយាល ព្រមទាំងពិចារណាលើកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបពេលមានគ្រោះអាសន្នធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ម្យ៉ាងវិញទៀត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យ International SOS មានការសហការជិតស្និទ្ធរបស់បុគ្គលិកជំនាញរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលសំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ របស់រដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចឆ្លើយតប លោក Sune Svenningsen បានសន្យានឹងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការវិស័យវិនិយោគគិនលើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជម្រុញឱ្យសមាគមធុរកិច្ចសិង្ហបុរីសហការ និងបង្កើនទំនាក់ទំនងការងារជាមួយព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរ លោក Sune Svenningsen និងគណៈប្រតិភូទាំងអស់ សូមទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា