សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបា​នច្រើ​ន ដើ​ម្បីត្រៀមធ្វើ​ជា​​ពល​រដ្ឋ​ពេ​ញ​កម្លាំងសម្រាប់ឆ្នាំ២០៥០

0

តាកែវ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​យក​កូន​ឱ្យ​បាន​ច្រើន​ដើម្បី​ត្រៀម​ធ្វើ​ជា​ពលរដ្ឋ​ពេញកម្លាំង​សម្រាប់​ឆ្នាំ​២០៥០ ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ពេល​នោះ​។

ការ​លើកទឹកចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស សម្តេច​ធិ​បតី អញ្ជើញ​ចុះ​ជួប​សំណេះ​សំ ណា​ល​ជាមួយ​កម្មករនិយោជិត​ចំនួន ១៨ ១០៤ នាក់ មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​១៨​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។

សម្តេច​ធិ​បតី បាន​ស្នើ​ឱ្យ​ក្រសួងផែនការ​ពិនិត្យ​ស្ថិតិ​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​ឱ្យ​ប្រាកដ​ថា នៅ​ឆ្នាំ​២០៥០ មាន​អត្រា​ប្រជាពលរដ្ឋ​ចាស់​ខ្ពស់​ពិតប្រាកដ​មែនឬ​អត់​។ បើសិន​បញ្ហា​នេះ​ជា​រឿង​ពិត សម្ដេច​ធិ​បតី ថ្លែង​ថា ក្រសួងផែនការ​គួរ​គិតគូរ​តុល្យភាព​ប្រជាសាស្ត្រ​កម្រិត​ណា កុំ​ចាំ​ដល់​ឆ្នាំ​២០៥០ ស្រប​ពេល​ប្រទេស​មានបាន​ធូរធា គ្មាន​នរណា​ចង់បាន​កូន​ទៀត​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ការ​ចិញ្ចឹម​បីបាច់​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ខេត្តតាកែវ​មាន​រោងចក្រ​សហគ្រាស​ចំនួន​២៣៣ និង​មាន​កម្មករនិយោជិត​កំពុង​បម្រើ​ការងារ​សរុប ៦៨ ០០០​នាក់ ដែល​ផ្តល់​ប្រាក់​ឈ្នួល​សរុប​ប្រមាណ ២០៩​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ឆ្នាំ​។ ក្នុង​នោះ​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ​មាន​ចំនួន ៦៦​ផ្តល់​ការងារ​ជូន​កម្មករនិយោជិត​សរុប​ប្រមាណ ៥៨ ០០០​នាក់​ផ្តល់​ប្រាក់​ឈ្នួល​សរុប​ជាង ១៨២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។​ខេត្តតាកែវ​ឈរ​នៅ​លំដាប់​ទី​៤ ជា​ខេត្ត​មានការ​អភិវឌ្ឍ​រោងចក្រ​សហគ្រាស​ច្រើន​ជាងគេ​បន្ទាប់​ពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល​។

នេះ​ជា​លើក​ទី​៤ ហើយ​ដែល​សម្តេច​ធិ​បតី បាន​អញ្ជើញ​ចុះ​ជួប​កម្មករ និយោជិត នៅ​តាម​រោងចក្រ​ក្នុង​បណ្តា​ខេត្ត​និ​រាជធានី​ភ្នំពេញ ។ លើក​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ សីហា​នៅ​តំបន់​ព្រៃ​ស្ពឺ រាជធានី​ភ្នំពេញ​មាន​កម្មករនិយោជិត​ចូលរួម​ចំនួន ១៨ ០១៣​នាក់​, លើក​ទី​២​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា​ឆ្នាំ​២០២៣ នៅ​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល មាន​កម្មករ និយោជិត​ចូលរួម ១៨ ២៨៩​នាក់ និង​លើក​ទី​៣​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា​ឆ្នាំ​២០២៣ នៅ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​មាន​កម្មករ និយោជិត​ចូលរួម ១៨ ២៦៥​នាក់​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា