ផ្លែឈើព្រៃជាច្រើនមុខ ដែលប្រជាពលរដ្ឋបេះមកពីព្រៃ ត្រូវបានពួកគាត់យកមកដាក់លក់នៅតាមដងផ្លូវក្នុងតំបន់អង្គរ

0

សៀមរាប​៖ ព្រៃឈើ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ជុំវិញ​រមណីយដ្ឋាន​អង្គរ តែងតែ​ផ្តល់​អនុ​ផល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ជា​បន្តបន្ទាប់ មិន​ដែល​ដាច់​ទៅ​តាម​រដូវ​កាល​របស់​វា​។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គរ​នេះ កំពុង​តែ​ប្រមូល​អនុ​ផល​ព្រៃឈើ​ជា​ច្រើន​មុខ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ជុំវិញ យក​មក​លក់​ជូន​ភ្ញៀវ​ទេសចរ និង​ប្រជា​ពល រដ្ឋ​ដែល​ចូល​ចិត្ត​ហូប​ផ្លែ​ទាំងនេះ​។

អ៊ំ​ស្រី ដៀ​ក គឿ​ម រស់នៅ​ភូមិ​ភ្លុង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នេះ តែងតែ​នាំ​គ្នា​ទៅ​បេះ​ផ្លែ​ឈើ​ព្រៃ​មក​ដាក់​លក់​តាម​ដងផ្លូវ​នានា​ក្នុង​តំបន់​អង្គរ​នេះ ដោយ​មាន​ទីតាំង​ផ្សេង​ៗ​គ្នា​។ សម្រាប់​ក្រុម​អ៊ំ​ស្រី គឺ​លក់​នៅ​ទីតាំង​ខាងជើង​ប្រាសាទ​ព្រះ​ខ័​ណ​។ អ៊ំ​ស្រី​បាន​បន្ត​ថា ផ្លែ​ឈើ​ព្រៃ​ដែល​កំពុង​ទុំ​បច្ចុប្បន្ន​នេះ មាន​ផ្លែ​ត្រៀល​, ទំពាំងបាយជូ​ព្រៃ​, ផ្លែរ​ស្រម៉រ​, រួម​ជាមួយ​ដំឡូងទៀន​, ពងអង្ក្រង​, រួម​ជាមួយ​ផ្លែ​ឈើ​ហូប​ផ្លែរ​ជា​ច្រើន​ទៀត​។​ក្រៅពី​នេះ ក៏​មាន​ផលដំណាំ​ផ្សេង​ៗ ដែល​ដាំ​ដោយ​ពួក​គាត់​ផ្ទាល់ ក៏​បាន​យក​មក​ដាក់​លក់​ជាមួយ​គ្នា​ខ្លះ​ៗ​ដែរ​។

អ៊ំ​ស្រី ដៀ​ក គឿ​ម បាន​បន្ត​ថា ផ្លែ​ឈើ​ព្រៃ​នេះ មាន​មួយ​ចំនួន​បេះ​នៅ​ក្នុង​ព្រៃ​ក្នុង​តំបន់​អង្គរ និង​ខ្លះ​ទៀត​បេះ​មក​ពី​ព្រៃ​នៅ​ជុំវិញ​នេះ​។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​នេះ ផ្លែ​ឈើ​នៅ​ក្នុង​ព្រៃអង្គរ​បេះ​មិនសូវ​បាន​ទេ ដោយសារ​តែ​សត្វ​ស្វា​វា​ស៊ី​អស់​។ ផ្លែរ​ឈើ​ព្រៃ​ខាងលើ​នេះ ចាប់ផ្តើម​ទុំ​ចាប់ពី​ខែកក្កដា ហើយ​និង​អស់​នៅ​ត្រឹម​ខែតុលា ។​សម្រាប់​ផ្លែ​ត្រៀល​, ទំពាំងបាយជូ​ព្រៃ​, គឺ​លក់​ក្នុង​១​ចង្កោម​តម្លៃ ៨ ០០០​រៀល ឬ​តាម​ទៅ​តូច​ធំ​ជាក់ស្តែង​។

អ៊ំ​ស្រី បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ផ្លែ​ឈើ​ព្រៃ​ខាងលើ​នេះ​ផុត​អស់ រដូវ​ផ្លែ​គុយ​ទុំ និង​ផ្លែ​សេ​មាន់ រួម​ជាមួយ​ផ្លែរ​ឈើ​ផ្សេង​ៗ​ទៀត​បាន​មក​ដល់ ។ ដូចនេះ​ពួក​គាត់​ទទួល​បាន​អនុ​ផល​ព្រៃឈើ នៅ​ក្នុង​តំបន់​អង្គរ​នេះ ជា​បន្តបន្ទាប់​គ្រប់​រដូវ​កាល ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា