កោះហៅលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ០១នាក់ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋនៅក្នុងហាងផឹកស៊ី០១កន្លែងក្នុងសង្កាត់និរោធ មកធ្វើការបំភ្លឺ

0

ភ្នំពេញ៖ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​បំភ្លឺ​ជូន​សាធារណៈជន​មេត្តា​ជ្រាប​ថា​៖​ក្រោយ​ពី​មានការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅ​លើ​ករណី​មាន​លោក​អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ០១​នាក់ គឺ​លោក​វរសេនីយ៍ទោ ពេជ្រ សុ​គ​ន្ធា​រ៉ា ដែល​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ឈ្មោះ ពៅ ចន្ទ​តារា​ពេជ្រ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​និស្សិត នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​។​ក្រោយ​ពី​ឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​ខាង​ការិយាល័យ​បុគ្គលិក​កោះហៅ​លោក​វរសេនីយ៍ទោ ពេជ្រ សុ​គ​ន្ធា​រ៉ា អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដែល​រង​ការ​ចោទ​ប្តឹង​ពី​គូរ​ទំនាស់​ឈ្មោះ ពៅ ចន្ទ​តារា​ពេជ្រ​ពី​បទ​ហិង្សា​និង​គម្រាម ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ការិយាល័យ​បុគ្គលិក នា​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​លោក​វរសេនីយ៍ទោ ពេជ្រ សុ​គ​ន្ធា​រ៉ា និង​យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ លោក​វ​សេនីយ៍​ទោ​ពេជ្រ សុ​គ​ន្ធា​រ៉ា បាន​ចប់​ម៉ោង​ការងារ​ហើយ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ក៏​បាន​នាំ​ឱ្យ​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ ។​ដោយ​ពិនិត្យ​ឃើញ​ការ​ខុសឆ្គង​របស់​លោក​វរសេនីយ៍ទោ ពេជ្រ សុ​គ​ន្ធា​រ៉ា​បែប​នេះ ការិយាល័យ​បុគ្គលិក​សុំ​គោលការណ៍​ពី​ឯកឧត្តម ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ម្ចាស់​សាមីខ្លួន​ធ្វើ​កិច្ចសន្យា ព្រមាន​ជា​លើក​ទី​១ ហើយ​បាន​អប់រំ​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​ប៉ះពាល់​កិត្តិយស​នគរបាល​ជាតិ និង​បន្ត​ឲ្យ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​ឃ្លី​ប​វី​ដេ​អូ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ