ក្រសួងការងារ បណ្តុះបណ្តាលកម្មករជំនាញបានជាង ២៧ម៉ឺននាក់ ក្នុងរយៈពេល៥ឆ្នាំ

0

ភ្នំពេញ៖ ក្នុង​រយៈពេល​៥​ឆ្នាំ រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បណ្តុះបណ្តាល​កម្លាំង​ជំនាញ​វិជ្ជាជីវៈ​បាន​ជាង ២៧​ម៉ឺន​នាក់ ដើម្បី​ចាក់​បញ្ចូល​ក្នុង​តម្រូវការ​ទីផ្សារ​ដ៏​ទូលំទូលាយ​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​។

ការ​បង្ហាញ​របាយការណ៍​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ដាក់​ផែនការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន ១​លាន​៥​សែន​នាក់ ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​អាណត្តិ​ទី​៧​នេះ​។

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​ថា កម្លាំង​ពលកម្ម​ជំនាញ ដែល​បាន​បញ្ចប់​ការ​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ យ៉ាងតិច​ឬ​ស្មើ​កម្រិត​វិញ្ញាបនបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​រយៈពេល​ខ្លី មាន​ចំនួន ២៧ ម៉ឺន​នាក់ ចន្លោះ​ឆ្នាំ​២០១៨-២០២២​។

សម្រាប់​ឆ្នាំ​២០២២ កម្លាំង​ពលកម្ម​ជំនាញ​ដែល​បាន​បញ្ចប់​ការ​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ មាន​សិស្ស​ប្រុស​ចំនួន ៥៣ ៧២៣ នាក់ ក្នុង​នោះ​មានការ​កើនឡើង ៥,៩៨ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១ ដែល​មាន​ចំនួន ៥០ ៦៩០ នាក់​។

ដោយឡែក​ចំនួន​សិស្ស​ស្រី​វិញ មាន​ចំនួន ១៩ ៩៤៩ នាក់ ក្នុង​នោះ​មានការ​ថយ​ចុះ ៩,១២ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១ ដែល​មាន​ចំនួន ២១ ៩៥២ នាក់​។

ជាមួយ​គ្នា​នេះ ចំនួន​សិស្ស​បញ្ចប់​ការ​បណ្តុះបណ្តាល កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត ១, ២ និង ៣ ក្នុង​ឆ្នាំ​២០២២ មាន​ចំនួន ១៦ ៧១៩ នាក់ ក្នុង​នោះ​មាន​កើនឡើង ៦,៦៦ ភាគរយ​បើ​ប្រៀប​នឹង​រយៈពេល​ឆ្នាំ ២០២១ ដែល​មាន​ចំនួន ១៥4 ៦៧៤ នាក់​។

ទន្ទឹម​នឹង​នេះ ចំនួន​សិស្ស​បញ្ចប់​ការ​បណ្តុះបណ្តាល​កម្រិត​ចាប់ពី​សញ្ញាបត្រ​ជាន់ខ្ពស់ / បរិញ្ញាបត្រ​រង​បច្ចេកទេស ឬ ឯកទេស ក្នុង​ឆ្នាំ​២០២២ មាន​ចំនួន ១២ ២៦៩ នាក់ មានការ​កើនឡើង ២៤,៨២ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២១ មាន​ចំនួន ៩,៨២៩ នាក់​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា