ភ្នំពេញ៖ ទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះលបឆ្មក់បង្ក្រាប និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ (ស្រីម្នាក់) និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួន ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ដូចជា អំពើលួច ឆក់ ប្លន់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់នេះ គឺបានអនុវត្តឡើងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយក៏មានការជម្រុញបន្ថែមពីស្នងការរងទទួលការងារផែន ក្រោមការសម្របសម្រួលផ្នែកច្បាប់ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២៣។
លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា បន្ទាប់ពីបង្ក្រាប និងបញ្ចប់ប្រតិបត្តិការ ក្នុងការបិទទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទនេះដែរ សម្រាប់ជនសង្ស័យ ដែលជាអ្នកញៀនល្បែងទាំង៩នាក់ និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន ត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកសាងសំណុំរឿង ក្នុងការបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ