សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន និង ចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និង ការ​ពឹ​ងពាក់គ្នា​ទៅវិញ​ទៅ​ម​ក​ប​ន្ថែ​ម​ទៀត តាមរយៈការបន្តបើកច្រកទីផ្សារ

0

ចិន​៖ «​ក្នុង​ទិស​ដៅ​ខាង​មុខ​, អាស៊ាន និង ចិន ត្រូវ​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង ការ​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត តាម​រយៈ​ការ​បន្ត​បើក​ច្រក​ទីផ្សារ​, ការ​ពង្រឹង​កា​រត​ភ្ជាប់​, ការ​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​, ការ​ពង្រឹងសមត្ថភាព​ផលិតកម្ម​ត​ភ្ជាប់​ទៅ​នឹង​ការ​ផ្គត់ផ្គង់​, ការ​ពង្រឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង រួម​គ្នា​ជំរុញ​សកម្មភាព​វិនិយោគ​ទៅ​វិញ​ទៅ​មក »​។ នេះ​ជា​ការ​ចង្អុលបង្ហាញ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី ២០ ឆ្នាំ ២០២៣ ក្រោម​ប្រធានបទ “​រួម​គ្នា​កសាង​សហគមន៍​មួយ ប្រកបដោយ​ភាព​សុខដុម​និង វាសនា​ត​មួយ​» នៅ​ក្រុង​ណា​ន​នី​ង​, សាធារណរដ្ឋ​ប្រជាមានិត​ចិន​, នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ ២០២៣​។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា អាស៊ាន និង ចិន គឺជា​តួអង្គ​ដ៏​សំខាន់ ដែល​យើង​អាច​បង្ហាញ​ឧទាហរណ៍​ដល់​ពិភពលោក​ពី​ផលប្រយោជន៍​ដែល​កើត​ចេញពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ដោយ​មិន​ទោរទន់​ទៅ​រក​និន្នាការ​គាំពារ​និយម​, ឯកតោភាគី​និយម ឬ គំនិត​ជាតិនិយម​សេដ្ឋកិច្ច នោះ​ទេ ។

បន្ថែម​ពី​នេះ យើង​ក៏​ត្រូវ​ពង្រឹង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ជា​ពិសេស​ទាក់ទង​នឹង​អនុលោម​ភាព​នៃ​លក្ខខណ្ឌ​ទីផ្សារ និង​តម្រូវការ​ទីផ្សារ ដែល​ការ​គាំទ្រ​ទាំងនេះ​អាច​ធានា​បាន​ថា ប្រទេស​កំពុង​អភិវឌ្ឍ​អាច​ទាញ​ផលប្រយោជន៍​បាន​ដោយ​ពិតប្រាកដ​ពី​ការ​បើកចំហ​ទីផ្សារ ដែល​កើត​ចេញពី​យន្តការ​ពាណិជ្ជកម្ម​ពហុភាគី ។

នៅ​ក្នុង​អាណត្តិ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​បន្ត​ប្រឹងប្រែង​កែ​លម្អ​បរិយាកាស​ធុរកិច្ច និង ការ​វិនិយោគ តាម​រយៈ​ការ​កាត់​បន្ថយ​ចំណាយ​ធុរកិច្ច​, និង បង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹក​ជញ្ជូន និង ឡូ​ជី​ស្ទីក ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ផលិតភាព ឆ្លើយ​តប​នឹង​តម្រូវការ​របស់​វិនិយោគិន​ពី​គ្រប់​មជ្ឈដ្ឋាន​។

កម្ពុជា​ក៏​សូម​សម្ដែង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ក្នុង​តំបន់ និង វិស័យ​ឯកជន​ពី​គ្រប់​ទិស​ទី ដើម្បី​គាំទ្រ​សកម្មភាព​ពាណិជ្ជកម្ម ដែល​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង ពិភពលោក​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា