ចិន៖ ក្នុងសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនចំណុចទី៣ បានសង្កត់ធ្ងន់ថា ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ភាគីកម្ពុជាបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិនមួយ»ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។
កម្ពុជាប្រឆាំងនឹងការប៉ុនប៉ងនានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬរារាំង ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកលយកបញ្ហាតៃវ៉ាន់ជាលេស ឬសកម្មភាពបំបែកខ្លួនតាមទម្រង់ណាមួយដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់»។
កម្ពុជាគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទោះក្នុងទម្រង់ណាមួយក៏ដោយ។
ភាគីទាំងពីរបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធមនុស្សការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធមនុស្ស ឬប្រជាធិបតេយ្យ។
ភាគីទាំងពីរឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា