ចិន៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសមភាគីចិនជួយសហការផ្នែកបច្ចេកទេសដើម្បីជំរុញនូវមុខទំនិញអាទិភាពចំនួន៣ដូចជា អង្ករ ស្វាយចន្ទីរ និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត។ ការស្នើនេះបានធ្នើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសមភាគី ឯកឧត្តម Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី នៅទីក្រុងណាននីង ប្រទេសចិន ដើម្បីពិភាក្សាទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំងពីរ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកពីសមិទ្ធផលធំៗជាច្រើនដែលសម្រេចបានក្រោមកិច្ចសហការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ មន្ទីរពិសោធន៍ផលិតផលកសិកម្ម, មជ្ឈមណ្ឌលជំរុញផលិតផលកសិកម្មកម្ពុជា និងការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រីកសិកម្ម។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ (Foreign Economic Cooperation Center) នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលបានសហការយ៉ាងជិតស្និទជាមួយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានរៀបចំនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មកម្ពុជា ២០២៤-២០២៨។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរអំពីយន្តការសម្រាប់ជំរុញអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងបានជាផលប្រយោជន៍ដល់ភាគីទាំងសងខាងនូវច្រករបៀង មច្ឆា និងអង្ករ ដែលភាគីទាំងបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ២០២៣ ដោយត្រូវរៀបចំនូវគណៈកម្មការតម្រង់ទិសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ និងក្រុមការងារបច្ចេកទេសរួម សម្រាប់រៀបចំផែនការសកម្មភាពអនុវត្តអោយត្រូវតាមគោលនយោបាយដែលបានកំនត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកទឹកចិត្តដល់អ្នកវិនិយោគិនចិនដែលមានជំនាញ និងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វិចខ្ចប់ផលិតផលកសិកម្មដែលមានស្រាប់ ឱ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិ។
ឯកឧត្តម Tang Renjian បានកោតសសើរចំពោះការសម្រេចបាននូវផលិតផលកសិកម្មយ៉ាងច្រើនរបស់កម្ពុជា ដែលកម្ពុជាធានាបានទាំងស្រុងនូវសន្តិសុខស្បៀងសម្រាប់ប្រទេស និងបានរួមចំណែកក្នុងការរក្សារសន្តិសុខស្បៀងសម្រាប់តំបន់ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មចិន ក៏បានបញ្ជាក់ថា កម្ពុជាមានផលិតផលកសិកម្មជាច្រើនដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនក៏ចូលចិត្តផងដែរ។ ឯកឧត្តមនឹងលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើនពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង២ ឱ្យកើនឡើងមួយកម្រិតទៀតនាពេលខាងមុខ។
ឯកឧត្តម Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទ ប្រទេសចិនក៏បានសម្តែងនូវការសប្បាយរីករាយ និងកោតសសើរដល់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលបានលើកឡើងត្រង់ៗ និងបានគូសបញ្ជាក់យ៉ាងច្បាស់ពីវិធីសាស្ត្រ ដើម្បីសម្រេចបានជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្នុងការអនុវត្តច្រករបៀង មច្ឆានិងអង្ករនេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីទាំង២ បានឯកភាពគ្នាក្នុងការបង្កើតគណៈកម្មការតម្រង់ទិស និងក្រុមការងារបច្ចេកទេសរួម សម្រាប់ច្រករបៀងអង្ករ និងមច្ឆា និងឯកភាពថាក្រុមការងារបច្ចេកទេសនឹងចាប់ផ្តើមកិច្ចប្រជុំឆាប់ៗដើម្បីកំនត់ផែនការសកម្មភាព និងលើកទិសដៅច្បាស់លាស់ក្នុងការអនុវត្តឈានទៅសម្រេចបាននូវជោគជ័យ ឆ្លើយតបទៅតាមទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា