ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនដល់ឯកឧត្តម Aziz AKHANNOUCH នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក ដោយសម្តេចធិបតី បានសម្តែងនូវក្តីរន្ធត់ តក់ស្លុត និងរម្លែកទុក្ខ ចំពោះគ្រោះរញ្ជួយដីដ៏អាក្រក់ កាលពីពេលថ្មីៗនេះដែលបានវាយប្រហារប្រទេសម៉ារ៉ុក។
តាមរយៈសារលិខិត សម្តេចធិបតី បានបញ្ជាក់ថា៖ «គ្រោះរញ្ជួយដីដែលទើបតែបានវាយប្រហារព្រះរាជាណាចក្រម៉ារ៉ុកយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ បានធ្វើឱ្យខ្ញុំ មានក្តីទុក្ខសោក និងតក់ស្លុតយ៉ាងខ្លាំង។ ក្នុងនាមប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្តម»។
សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា៖ «ប្រជាជនម៉ារ៉ុក នឹងងើបឈរឡើងវិញជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី ហើយនឹងជំនះគ្រាលំបាក និងការឈឺចាប់ដែលមិនអាចបរិយាយបាននេះ»។
សូមរំលឹកថា ខេត្ត Al-Haouz នៃប្រទេសម៉ារ៉ុក ត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៨ រិចទ័រ កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សជិត ៣ ០០០ នាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងរបួស៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា