ជប៉ុនបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ពិសេសលើជំនាញបច្ចេកទេសវិជ្ជាជីវៈ

0

ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​នៅ​តែ​បន្ត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែ​រីក​ចម្រើន ស្រប​ទៅ​តាម​ទស្សនវិស័យ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ដែល​ជា​ចំណុច​គន្លឹះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ការ​គាំទ្រ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម អ៊ូ​អិ​ណូ អាត់​ត្សឹ​ស៉ី (UENO Atsushi) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្ដីការក្រសួង​ការងារ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ពិសេស​ជប៉ុន​គឺជា​ប្រទេស​ទី​១ ដែល​បាន​ផ្តល់​អាហារូបករណ៍​ដល់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២ ដែល​រហូត​មក​ដល់​ពេល​នេះ អតីត​សិស្ស និស្សិត​អាហារ​រូបករណ៍​ជប៉ុន​មួយ​ចំនួន​បាន​កំពុង​បម្រើ​ការ​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី និង​កំពុង​កាន់​តួនាទី​សំខាន់​នៅ​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​អគ្គរាជទូត​ជប៉ុន បាន​គូសបញ្ជាក់​ពី​កិច្ច​សហ​ប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​តម្លើង​ដល់​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

ឯកឧត្តម​អគ្គរាជទូត​ជប៉ុន​ក៏​បាន​សន្យា​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន ជាក់ស្តែង​តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត​កម្ពុជា​ឱ្យទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ការ​បណ្ដុះបណ្ដាល​ជំនាញ​នៅ​ក្នុង​ប្រទេស​ស្រាប់ ដែល​បាន​និង​កំពុង​ក្លាយជា​ស្ពាន​ចម្លង​ដ៏​សំខាន់​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​យ៉ាង​ជិត​ស្និទ្ធ​។

ក្នុង​ឱកាស​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដើម្បី​ពង្រឹង​ចំណេះ ជំនាញ​ទៅ​ដល់​សិស្ស​និស្សិត​ខ្មែរ ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​សម័យ​ថ្មី​។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​សិស្ស និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​បច្ចេកទេស និង​ធ្វើការ​នៅ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​ពង្រឹងសមត្ថភាព ចំណេះ ជំនាញ​បច្ចេកវិទ្យា​ថ្មី​ៗ​បន្ថែម​ពី​ក្រុមហ៊ុន​ជប៉ុន​។

លើស​ពី​នេះ​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​លើ​ប្រព័ន្ធ​បញ្ជូន​ពលករ​ជំនាញ និង​កម្មសិក្សាការី​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​របស់​ពលករ​ជំនាញ និង​កម្មសិក្សាការី​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ឯកឧត្តម​អគ្គរាជទូត​ជប៉ុន​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​សហការ​ជាមួយ​ស្ថានទូត​ជប៉ុន ក្រុមហ៊ុន​ជប៉ុន និង​សមាគម​អាជីវកម្ម​ជប៉ុន​ដែល​មាន​វត្ត​មាននៅ​កម្ពុជា​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា