គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនសម្រេចបានជាង៩០ភាគរយ

0

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា នៅថ្ងៃព្រហស្បតិ៍១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ នឹងថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងចុះ ពិនិត្យវឌ្ឍនភាពការងារគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន​។

ការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈប្រតិភូអមដំណើររួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់តេជោ ហ៊ុន សែន ដែលមានទំហំទឹកប្រាក់ប្រមាណ២៦,៤២លានដុល្លារ អាម៉េរិក។ ដោយសារមានបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារ មួយចំនួនក្នុងកិច្ចសន្យា នាំឱ្យគម្រោងនេះត្រូវពន្យារពេលសាងសង់ ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងសម្រេចបានជាង ៩១ហើយ។

ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន» ។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាង កម្ពុជា ២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ប្រមាណ ១៩លានដុល្លារអាម៉េរិក)។

ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ ក្នុងគោលបំណងតាមដានវាយតម្លៃ ចំពោះ កិច្ចការងារសាងសង់សំដៅពន្លឿនឱ្យបានរួចរាល់ក្នុងពេលឆាប់ៗ ដើម្បីជាការរួមចំណែកជួយ សម្រួលដល់ការធ្វើចរាចរការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយ ដើម្បី ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិតាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការ បង្កើតការងារជូនប្រជាពលរដ្ឋ  ក៏ដូចជាការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា