រដ្ឋមន្ត្រីក្រសួងព័ត៌មានគូសបញ្ជាក់ថា ធនធានមនុស្សក្នុងវិស័យព័ត៌មានចេញពី​ក្រសួងព័ត៌មាន​ត្រូវជាធនធានមនុស្សដែលមានសមត្ថភាព

0

ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ ត្រូវ​រៀបចំ​ធនធានមនុស្ស​នៅ​ក្នុង​ក្រសួង​ព័ត៌មាន​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​អាច​ធ្វើការ​បាន​ដើម្បី​បម្រើរ​មហាជន និង​គេ​ទទួលស្គាល់​។ នេះ​គឺជា​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ជាប់កិច្ចសន្យា​របស់​ក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​សាលចតុម្មុខ​មង្គល ក្រសួង​ព័ត៌មាន​។

ឯកឧត្តម នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា ក្រសួង​ព័ត៌មាន​នឹង​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី របស់​ក្រសួង​នូវ​ជំនាញ​ព័ត៌មាន​ដើម្បី​ឱ្យ​ពួក​គាត់​មាន​សមត្ថភាព​ក្នុង​ការ​សរសេរ​ព័ត៌មាន ដែល​មាន​វិជ្ជាជីវៈ​ក្នុង​មាន​ជា​ស្ថាប័ន​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​ដើម្បី​ពិនិត្យ​មើល​ពី​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មក ក្តោប​ក្តាប់​បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​ឆ្លើយ​តប ព្រមទាំង​គិតគូរ​រួម​គ្នា​ពី​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រសួង ព័ត៌មាន​ឱ្យទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ដែល​សកម្ម បុ​រេ​សកម្ម អន្តរ​សកម្ម ហើយ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

តាម​របាយការណ៍​លើក​ឡើង​របស់ ឯកឧត្តម ប៉ែ​ត ពិសី ទីប្រឹក្សា​ក្រសួង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ក្រសួង​ព័ត៌មាន​បានឱ្យ​ដឹង​ថា មន្ត្រី​ជាប់កិច្ចសន្យា​មាន​ចំនួន​សរុប ៧១៥ នាក់ ក្នុង​នោះ​ស្រី ២៩០ នាក់​ចែក​ចេញ​ជា​ផ្នែក​នៅ​ថ្នាក់​ជាតិ​ចំនួន ២៩១ នាក់ ថ្នាក់​ក្រោម​ជាតិ ៤២៤ រូប​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា