សៀមរាប៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកម៉ូតូបណ្តាលឲ្យក្មេងស្រីចំនួន២នាក់ បានស្លាប់នៅហ្នឹងកន្លែងហេតុ។ ករណីគ្រោះថ្នាក់នោះបានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦នឹង១០នាទី នៅចំណុច ខាងកើតមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ស្ថិតនៅភូមិអញ្ចាញ សង្គាត់នគរធំ ក្រុងសៀមរាប លើផ្លូវអប្សរា ៦០ម៉ែត្រ ពីរង្វង់មូលអប្សរា ទៅរង្វង់មូលព្រៃគុយ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កម៉ាក Lexus470 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2H-3866 បើកបរដោយឈ្មោះ អ៊ូ សុផាន់ណារ៉ុង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរអង្កការរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹង ពេលមកដល់កន្លែងកើតហេតុបានបុកម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ផ្លាកលេខសៀមរាប1AG-7894 អ្នកបើកបរឈ្មោះ ចិត្រ សោភា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ក្នុងហេតុការណ៍នោះបណ្តាលឲ្យស្លាប់មនុស្ស ០២នាក់ ទី១-ឈ្មោះ ចិត្រ សោភា អ្នកបើកបរម៉ូតូ មានពាក់មួកសុវត្ថិភាព ទី២-ឈ្មោះ រ៉ា សុជាតា អ្នករួមដំណើរ។ មូលហេតុ អ្នកបើកបររថយន្តបើកក្នុងស្ថានភាពស្រវឹង។ បច្ចុប្បន្នកម្លាំងជំនាញកំពុង ស្រាវជ្រាវ និងកសាងសំណុំរឿង តាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ