ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលតែងតែប្រារព្ធធ្វើជា រៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកមាន គុណ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ក៏ជាឱកាសសម្រាប់ ការជួបជុំឪពុកម្តាយ បងប្អូនញាតមិត្តដែលរស់ នៅទីផ្សេងៗគ្នា អាចឈ្វេងយល់បានពី សុខទុក្ខ និងដំណើរប្រព្រឹត្តទៅនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នា និងបង្កើនបាននូវ សាមគ្គីភាពដ៏ទូលំទូលាយផងដែរ។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ ដោយឡែក ពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅ ក្នុងព្រះពុទ្ធសាស នា ដែលក្នុងមួយឆ្នាំមានតែម្ដង និងមានរយៈពេល ២៩ថ្ងៃ ដោយវត្តអារាមមួយទទួល បានអង្គកឋិនទានមួយជាទាន ដ៏មានផលានិសង្សសម្រាប់ទាយកទាយិកា និងបដិគ្គាហក។ ឆ្នាំនេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមផែនការណែនាំលេខ ១១/២០២៣ គជបអ ចុះថ្ងៃពុធ ០១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីចូលរួមអបអរសាទរ ពិធី បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចតទៅ៖ ១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាល រាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានបង ប្អូនប្រជា ពលរដ្ឋទាំងអស់ត្រូវ៖ -ដាក់ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យ ស្លោក អមដោយការតុបតែង លម្អរចនាបំភ្លឺភ្លើងពណ៍ចម្រុះនៅតាម បណ្តាអង្គភាព ទីតាំង អាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងស្រស់ស្អាត – សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ ខ្សែភ្លើងពណ៌ បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំង អាជីវកម្មរបស់ខ្លួន ដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជា អក្សរផុសឡើង។ សម្រាប់ទីតាំងអាជីវកម្មដែលមានសូនច្បារ សូមបាញ់ទឹកពណ៍ នាពេលថ្ងៃ និងពេលរាត្រី ដោយរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺចម្រុះ ដើម្បីបង្កើនសោភណភាពឱ្យកាន់តែស្រស់ ស្អាត៕