ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នាំ​​គ្រឿងញៀន​ កូកាអ៊ីន​ ពី​ប្រទេស​ប្រេ​ស៊ី​ល​ ឆ្លងកាត់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ចូល​មក​កម្ពុជា​

0

​ភ្នំពេញ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សមត្ថកិច្ច​កម្ពុជា​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជា​ជនជាតិ​បូ​លី​វី​ នាំ​​គ្រឿងញៀន​ កូកាអ៊ីន​ពី​ប្រទេស​ប្រេ​ស៊ី​ល​ ឆ្លងកាត់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ចូល​មក​កម្ពុជា​ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ រួម​ទាំង​ល្បាយ​គ្រឿងញៀន​កូកាអ៊ីន​ ទម្ងន់​ ៤៣៥៦​ក្រាម​  (​គិត​ទាំង​សំបក​ប្លា​ស្ទីក​ និង​ សាច់​កំណាត់​)​។​

​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បន្ទាប់​ពី​ទទួល​ព័ត៌មាន​សម្ងាត់​ពី​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ អា​មេ​រិ​ក​ (DEA)​ និង​មន្ត្រី​សហព័ន្ធ​ប្រេ​ស៊ី​ល​ កាលពី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៧​និង​៤៥​នាទី​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ចាត់​កម្លាំង​ជំនាញ​ការិយាល័យ​(​ក​១)​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរ, លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ ដែល​ដឹកនាំ​សម្របសម្រួល​ដោយ​ លោក​ វង្ស​ សាវ៉ា​ត​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បាន​ធ្វើការ​ត្រួតពិនិត្យ​វ៉ា​ល្លី​ស​របស់​ជនសង្ស័យ​ ដែល​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​រី​យ៉ូ​ ប្រទេស​ប្រេ​ស៊ី​ល​ ឆ្លងកាត់​ឌុ​យ​បៃ​  បន្ត​មក​ប្តូរ​ជើងហោះហើរ​នៅ​ម៉ា​ឡេ​ស៊ី​  រួច​ធ្វើ​ដំណើរ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ តាម​ជើងហោះហើរ​ MH762​ ពី​ម៉ា​ឡេ​ស៊ី​ ។​

​ជនសង្ស័យ​ឈ្មោះ​ KAREN​ CECIA​ LOPEZ​ VACA​ ភេទ​ស្រី​ ជនជាតិ​បូ​លី​វី​ ឆ្នាំ​កំណើត​១៩៨៧​។​

​វត្ថុ​តាង​ចាប់​យក​ ៖​ ក្រោយ​ធ្វើតេស្ត​បឋម​បង្ហាញ​លទ្ធផល​ ជា​​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន​ (Cocaine)​ ចំនួន​២១​បន្ទះ​ធំ​ និង​២២​បន្ទះ​តូច​ (​សរុប​៤៣​ បន្ទះ​)​ ជាប់​ជាមួយ​សាច់​សម្លៀក​បំពាក់​ ដោយ​ធ្វើការ​ដេរ​ភ្ជាប់​ខោអាវ​ ដែល​មាន​ទម្ងន់​សរុប​ ៤៣៥៦​ក្រាម​  (​គិត​ទាំង​សំបក​ប្លា​ស្ទីក​ និង​សាច់​កំណាត់​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​៕​

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ