ភ្នំពេញ៖ លោកស្រី ញ៉ែម កញ្ញា អាណាព្យាបាលសិស្សនៅបឋមសិក្សា ត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសម្ដែងការគាំទ្រ ការលក់ ចំណីអាហារដែលមានគុណភាពនៅក្នុងសាលារៀន ដើម្បីលើកកម្ពស់សុវត្ថិភាពសុខ ភាពរបស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សានេះ។
លោកស្រី ញ៉ែម កញ្ញា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះថា ខណៈអ្នកលក់ដូរក្នុងសាលាបឋបសិក្សា ត្រពាំងក្រសាំង បានប្ដូរទម្លាប់ យកទំនិញមុខម្ហូបខ្មែរ របស់របធ្វើដោយស្នាដៃកូនខ្មែរមកលក់វិញ។ ក្នុងនាមលោកស្រី ជាអាណាព្យាបាលមួយរូប ពិតជាព្រួយបារម្ភខ្លាំងនៅពេលកូនទៅរៀន ព្រោះបច្ចុប្បន្ននេះភាគច្រើនក្មេងៗប្រឈមនឹង ជំងឺទឹកនោមផ្អែម ជាពិសេសជំងឺរលាកបំពង់ក។
លោកស្រីបន្ដថា នៅពេលដែលក្រសួងអប់រំ បានចេញសេចក្ដីណែនាំ ស្តីពីចំណី អាហារ ហាមប្រាម ក្នុងការលក់ដូរ ក្នុងគ្រឹះស្ថានសិក្សាមក លោកស្រី ពិតជាមានអារម្មណ៍ សប្បាយរីករាយ និងសូមសំណូមពរឱ្យអ្នកលក់នៅក្នុងសាលា លក់តែចំណីអាហារណា ដែលមានគុណភាព ចំណីអាហារមិនមានជាតិផ្អែមខ្លាំង មិនមានផលប៉ះពាល់ដល់សុខភាព ក្មេង ជាពិសេសលក់នំចំណីជារបស់ខ្មែរដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ អ្វីដែលជារបស់ខ្មែរ ព្រោះនំរបស់ខ្មែរមានច្រើនមុខ និងមានរសជាតិឆ្ញាញ់។
លោកស្រី បាន ស្រីពុំ ជាអាណាព្យាបាលសិស្សនៅភូមិស្នោរ សង្កាត់ស្នោរ ខណ្ឌ កំបូលបានឱ្យដឹងដែរថា ក្នុងនាមជាអាណាព្យាបាលមួយរូប ក៏ដូចជាអាណាព្យាបាល ដទៃទៀត គឺតែងតែព្រួយបារម្ភអំពីកូនញ៉ាំនំចំណីពេលទៅសាលារៀន។ ដូច្នេះជារៀងរាល់ថ្ងៃ លោកស្រីតែងតែវេចខ្ចប់ម្ហូបអាហារ ទឹក សម្រាប់កូនទៅសាលា ដោយមិនឱ្យលុយកូនទៅ រៀនដាច់ខាត ព្រោះខ្លាចកូនយកលុយទៅទិញចំណីអាហារ មិនល្អនៅក្នុងសាលារៀន។ លោកស្រី គាំទ្រជាខ្លាំងនៅពេលដែលក្រសួងអប់រំ បានដាក់ចេញនូវគោលការណ៍ ណែនាំការលើកកម្ពស់សុវត្ថិភាពសុខភាពរបស់សិស្សនៅ តាមគ្រឹះស្ថានសិក្សា។
សូមបញ្ជាក់ថា ក្រសួងអប់រំបានចេញសេចក្ដីណែនាំ ស្តីពីចំណីអាហារហាមប្រាម ក្នុងការលក់ដូរក្នុងគ្រឹះស្ថានសិក្សា។ ចំណីអាហារដែលត្រូវបានហាមប្រាម ព្រោះវាអាចប៉ះពាល់ដល់សុខភាពរួមមាន៖ ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាល បរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង ផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមាន ប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែមជាដើម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា