រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៖ បច្ចុប្បន្ននេះយើងសម្រេចបាន ៨០%នៃផែនការផ្គត់ផ្គង់ទឹកស្អាត ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង

0

ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ចន្ទ ១១​រោច ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​យើង​សម្រេច​បាន ៨០%​នៃ​ផែនការ​ផ្គត់ផ្គង់​ទឹក​ស្អាត ហើយ​នៅ​ឆ្នាំ​២០២៥ នឹង​មានទឹក​ស្អាត​ប្រើប្រាស់​គ្រប់​ទីកន្លែង​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ជប៉ុន​ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ​ឯកឧត្តម ក្នុង​ឱកាស​ដែល​ឯកឧត្តម​ទទួល​បានការ​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា​អាណត្តិ​ទី​៧ និង​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះ​រាជទាន​ត្រាស់​បង្គាប់​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន ឯកឧត្តម​ឯកអគ្គរាជទូត ស្តី​ពី​គោលនយោបាយ​អនុវត្ត​បន្ត​របស់​ក្រសួង​សំដៅ​ធ្វើ​យ៉ាងណា​លើក​ស្ទួយ​សេដ្ឋកិច្ច​ជនបទ តាម​រយៈ​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​គ្រប់​ទីកន្លែង និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ប្រើប្រាស់​ទឹក​ស្អាត នឹង​មានទឹក​ស្អាត​ប្រើប្រាស់​គ្រប់​ទីកន្លែង ព្រមទាំង​ការ​អប់រំ​ប្រើប្រាស់​បង្គន់​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ សំដៅ​លុប​បំបាត់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​។

ឯ​ឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​លើក​ឡើង​ពី​ក​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​លើកកម្ពស់​សេដ្ឋកិច្ច​ជនបទ​តាម​រយៈ​ការ​បណ្តុះបណ្តាល​ជំនាញ​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ប្រកប​មុខរបរ​ផ្សេង​ទៀត​ក្រៅពី​មុខរប​កសិកម្ម​។ ជាមួយ​នេះ ក្រសួង​បាន និង​កំពុង​ខិតខំ​ពង្រឹង​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ភាព​ជា​ដៃគូ​នា​ពេល​កន្លង​មក​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុង​នីត្តិកាល​ទី​៦ និង​បន្ត​កិច្ចសហការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅលើ​ស្ទួយ​វិស័យ​អភិវឌ្ឍន៍ជនបទ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

ភាគី​ទាំង​ពីរ បាន​ប្ដេជ្ញា​នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ដើម្បី​ស្វែង​យល់​អំពី​តម្រូវការ​របស់​កម្ពុជា​ក៏​ដូច​ជា​ក្រសួង​អភិវឌ្ឍន៍ជនបទ​លើ​ការងារ​អភិវឌ្ឍន៍ជនបទ​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា