ភ្នំពេញ៖ ជនពិការភាព នៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការកម្ពុជា បង្កើនមុខរប កែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ ដើម្បីជួយដល់បរិស្ថាន និងជួយដល់ជីវភាពជនមានពិការភាពឱ្យ កាន់តែប្រសើរបន្ថែមទៀត។
លោក ប៉ែន ស៊ីណា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល បរិយាប័ន្ន នៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ បានឱ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការកែច្នៃសំរាមទៅជារបស់ប្រើប្រាស់ដែលធ្វើពីប្លាស្ទីក មានដូចជា បន្ទាត់សិស្ស ឥដ្ឋការ៉ូជ័រ រូបសត្វតូចៗធ្វើជាបន្តោងសោ ឬច្នៃជាក្តារ តុកៅអី និងរបស់ប្រើប្រាស់មួយចំនួនទៀត។ របស់របរដែលកែច្នៃរួចនេះ គឺផលិតពីដបទឹកសុទ្ធ កែវជ័រ ចានជ័រជាដើម ដែលមាន នៅតាមទីសាធារណៈ ឬប្រមូលពីភោជនីយដ្ឋានមួយចំនួន ដើម្បីយកមកកិន ដើម្បីកែច្នៃ។
លោកបន្ដថា បច្ចុប្បន្នអង្គការមានសមាជិកចំនួនសរុប ១៩នាក់ក្នុងនោះ ជនមានពិការ ភាពមានចំនួន៨នាក់ ដែលបានចាប់ផ្តើមកែច្នៃសំណល់ប្លាស្ទីកនេះ តាំងពីខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ តែកន្លងមកពុំត្រូវតាមស្ដង់ដារតម្រូវការប្រើប្រាស់ទីផ្សារ។ មូលហេតុដែលលោក បង្កើតអង្គការនេះឡើង ដើម្បីផ្តល់ឱកាសកាងារដល់ជនពិការសម្រាប់ជួយដល់ជីវភាពពួក គាត់កាន់តែប្រសើរឡើង។ ការកែច្នៃកាកសំណល់ជ័រប្លាស្ទីក គឺបានជួយកាត់បន្ថយកុំឱ្យចោល សំរាមពាសវាលពាសកាល ជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទីកដែលប៉ះពាល់ដល់បរិស្ថាន និងអាចរកចំណូលបន្ថែមជួយដល់បងប្អូនពិការផងដែរ។ យើងកែច្នៃបែបនេះ គឺជួយគ្នាកាត់ បន្ថយការចោល សំរាមពាសវាលពាសកាលនាំឱ្យគុណវិបត្តច្រើនសម្រាប់បរិស្ថាន ការប្រែល ប្រួលអាកាសធាតុ។
លោកបន្តទៀតថា បច្ចុប្បន្នអង្គការមានកូនម៉ាស៊ីនតូចៗ សម្រាប់រំលាយជ័រកែច្នៃ ចំនួន២គ្រឿង និងម៉ាស៊ីនសម្រាប់កិនកម្ទេចជ័រ១ គ្រឿង ហើយបើពុម្ពវិញមាន សមត្ថភាព ទទួលបានតែប្រភេទគម្របដបទឹកសុទ្ធ និងដបឡេប៉ុណ្ណោះ។ រីឯជ័រប្លាស្ទីក ប្រភេទផ្សេង ទៀតត្រូវប្រមូលកិនស្តុកទុកសិន ហើយនៅពេលមានពុម្ពត្រូវនឹងប្រភេទជ័រ ទើបយក មកកែច្នៃបន្ត។ ចំពោះដបទឹកសុទ្ធ និងដបកំប៉ុងឡេដែលប្រមូលបាន ត្រូវយកមកបាញ់ទឹក លាងសម្អាត ឱ្យអស់ដីជាមុនសិន មុននឹងយកមកកាត់ជាចំណិតៗ រួចបញ្ចូលក្នុងម៉ាស៊ីនកិន កម្ទេចឱ្យទៅជាបំណែកតូចៗ។ បន្ទាប់មកគេយកវាចូលទៅដាក់ ក្នុងឡសម្រាប់ដុតរំលាយ ចូលគ្នា ទើបយកទៅចាក់ក្នុងពុម្ពឧបករណ៍ផ្សេងៗមានដូចជា ត្រីដូហ្វីន រូបអណ្តើក ជាបន្ទាត់ សម្រាប់សិស្ស កែច្នៃ ជាក្តារ តុ កៅអី ការ៉ូ ទៅតាមប្រភេទ ដែលខ្លះមានរាង៦ ជ្រុង ខ្លះ៤ ជ្រុង និងខ្លះទៀត ៣ជ្រុងសម្រាប់ធ្វើរបងលម្អសួនផងដែរ។
លោក ប៉ែន ស៊ីណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រលើកទឹកចិត្ត ដល់បងប្អូនជនមានពិការភាពឱ្យធ្វើការងារនេះបន្តទៀត ព្រោះសំណល់ប្លាស្ទីកនេះវាបាន ប៉ះពាល់ដល់បរិស្ថានច្រើនណាស់។ បើយើងទុកចោលវាធ្វើឱ្យប៉ះពាល់ដី បើដុតវាផ្សែង ចេញមកខូចសុខ ភាព និយាយទៅ វាបំពុលខ្យល់ បំផ្លាញខ្យល់អុកស៊ីហ្សែន ប៉ះពាល់ដល់ សុខភាពយើងខ្លាំងណាស់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា