សមត្ថកិច្ចឃាត់បានជើងខ្លាំង ៤នាក់ ដែលចូលកាប់មនុស្សដល់ក្នុងផ្ទះសំណាក់កាលពីថ្ងៃមុន

0

ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណៈជន​ឱ្យ​បាន​ជ្រាប​ថា​៖ នៅ​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​នា​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៣ ពិនិត្យ​ឃើញ​មាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​មួយ​ចំនួន បាន​យក​រូបភាព​តាម​កាមេរ៉ា​សុវត្ថិភាព​០១​ឃ្លី​ប មក​បង្ហោះ​ស៊ែរ​ចែករំលែក​ត​គ្នា​ៗ​លើ​ករណី​ហិង្សា​០១ បាន​កើតឡើង​រវាង​ក្រុម​ក្មេង​ទំនើង​០២​ក្រុម បាន​វាយ​កាប់​គ្នា​ប្រើប្រាស់​ដំបង កាំបិត​បុ័ងតោ នៅ​ចំណុច​ខាង​មុខ​ផ្ទះសំណាក់​៣$ ទល់មុខ​ផ្សារ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​០២:៣០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៣​។

ករណី​ហិង្សា​នេះ​បាន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​០២​នាក់៖

ទី​១៖ បុរស​ម្នាក់​ជា​ប្រជា​ការពារ ត្រូវ​បាន​ក្រុម​ជន​បង្ក​កាប់​ត្រូវ​បណ្តាល​ឱ្យ​រង​បួស​ខណៈ​ជន​រង​គ្រោះ​ទៅ​ឃាត់​ក្រុម​ក្មេង​ទំនើង​កំពុង​ឈ្លោះ​គ្នា ដោយឡែក​អ្នក​រង​របួស

ទី​២៖ ជា​ក្មេង​ទំនើង​បក្ខពួក​ក្រុម​ជន​បង្ក​ដែល​ត្រូវ​បាន​បក្ខពួក​របស់​ខ្លួន​កាប់​ត្រូវ​ដាច់​ម្រាមដៃ​០៣ ដោយសារ​តែ​កាប់​គូរ​សត្រូវ​ខុស​បែរមក​ត្រូវ​គ្នា​ឯង​។

ចំពោះ​ករណី​ហិង្សា​ខាងលើ​ក៏​សូម​បញ្ជាក់​ថា​៖ ក្រោយ​កើតហេតុ​នោះ​ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោកស្នងការ​រង ទទួល​ដឹកនាំ​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឧត្តមសេនីយ៍ទោ ហេង រតនា និង​លោក​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ វរសេនីយ៍ឯក ម៉​ន វុ​ទ្ធី ដើម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​បង្ក្រាប​។

បន្ទាប់​មក​ជនសង្ស័យ​ចំនួន​០៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្ទាប់ ហើយ​ក៏​បាន​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រួច​ហើយ​។

ការ​បកស្រាយ​បំភ្លឺ​ជូន​សាធារណៈជន គឺ​ដើម្បី​កុំឱ្យ​មានការ​ភាន់ច្រឡំ​ថា​ហេ​ត​ការណ៍​នេះ​ទើបតែ​កើតឡើង​ថ្មី​ៗ​។ ការ​ពិត​ករណី​នេះ​ដែល​ភ្ជាប់​មក​ជាមួយ​រូបភាព​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​បាន​ជន​បង្ក​០៤​នាក់​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៣ មក​ម្លេះ​។​ខ្លឹមសារ​ដូច​បាន​បញ្ជាក់​ជូន​ខាងលើ​សូម​សាធារណៈជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ