មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមលំនៅដ្ឋាន០៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

0

បាត់ដំបង៖ កាលពីថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០១នឹង០០នាទី នៅចំណុចភូមិក្រុមទី១ ភូមិស្វាយធំ ឃុំបឹងងរាំងស្រុកកំរៀង ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សំណាញ់របងផ្ទះចូលតាមឡៅតឿផ្ទះ ចូលវាយបំបែកសោទ្វាររួចលួចយករបស់ជនរងគ្រោះឈ្មោះ សំ ស្រីមុំ ភេទស្រីអាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់អនឡាញ។ សម្ភារៈបាត់បង់រួមមាន៖ ទូរដែកចំនួន០១ ក្នុងទូដែកមានសម្ភារៈដូចជាលោហ:ធាតុពណ៌លឿង (ខ្សែក) ចំនួន០២ខ្សែ, ក្រវិលពេជ្រ០១ចំហៀង, ប្លង់ដីចំនួន ០៦ច្បាប់, កាត់គ្រីម៉ូតូចំនួន០២, ច្បាប់សៀវភៅគ្រួសារចំនួន ០១ក្បាល, សំបុត្រកំណើតចំនួន ០២ច្បាប់, លិខិតឆ្លងដែនចំនួន ០១ក្បាល, ប័ណ្ណបើកបរចំនួន ០១សន្លឹក, កាតគ្រីម៉ូតូចំនួន ០១សន្លឹក, ប្រាក់ដុល្លារចំនួន ២៦០ដុល្លារ និងម៉ូតូម៉ាក HONDA Click ចំនួន ០១គ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខបាត់ដំបង 1AE-8738 ។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបងរាំង និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យ ០៤នាក់៖

១.ឈ្មោះ ឆេង វិឆៃ ហៅឈីអឺ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ (មេខ្លោង)
២.ឈ្មោះ ឈីម ចាន់នី ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរជាងដែក (អ្នកសមគំនិត)
៣.ឈ្មោះ ស៊ន់ ប៉េងហ៊ុច ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរជាងដែក (អ្នកចូលរួម)
៤.ឈ្មោះ ទូច សារុន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបររត់តាក់ស៊ី (អ្នកស៊ីឈ្នួលដឹកម៉ូតូ) យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។

ក្រោយសមត្ថកិច្ចសាកសួររួចរាល់ ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទីខែឆ្នាំកើតហេតុខាងលើ ខ្លួនពិតជាបានធ្វើសកម្មភាពកាត់សំណាញ់លួសរបងឡើងតាមឡៅតឿផ្ទះចូលវាយបំបែកសោរទ្វារលួចយកទូដែកចេញមកខាងក្រៅផ្ទះហើយក៏ហៅឈ្មោះ ឈីម ចាន់នី ភេទប្រុស និងឈ្មោះ ស៊ន់ ប៉េងហ៊ុច ភេទប្រុស ឲ្យមកជួយលើកទូដែកឡើងលើរបងទម្លាក់ទៅម្ខាងរួចខ្លួននិងឈ្មោះ ឈីម ចាន់នី បានយកម៉ូតូចាស់អូសរទេះដឹកទូដែកទៅគាស់បំបែកយកសម្ភារៈមានតម្លៃយកទៅលក់រីឯកសារផ្សេងៗខ្លួនបានដាក់ច្រកក្នុងការ៉ុងយកទៅលាក់ទុកនៅផ្ទះរបស់ឈ្មោះ ឈីម ចាន់នី ចំណែកឯម៉ូតូម៉ាកហុងដាឃ្លីបពណ៌ប្រផេះពាក់ស្លាកលេខបាត់ដំបង 1AE-8738 ខ្លួនបានជួលឱ្យឈ្មោះ ទូច សារុន ភេទប្រុស ជាអ្នករត់តាក់ស៊ីដឹកយកទៅប៉ោយប៉ែតដោយប្រាប់ថាម៉ូតូមានឯកសារគ្រប់គ្រាន់តែបាត់សោដើម្បីដាក់បញ្ចាំឲ្យថ្លៃឈ្នួលដឹកចំនួនម្ភៃម៉ឺនរៀល លុះពេលដឹកទៅដល់ក្រុងប៉ោយប៉ែតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

នាពេលនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកកំរៀងសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ