Hansi Flick ថា​កីឡាករ​រូប​នេះ​សាក​សម​ធ្វើ​ជា​ប្រធាន​ក្រុម

0

Manuel Neuer អតីត​ប្រធាន​ក្រុម នៅ​តែ​មិន​អាច​ចូលរួម​ប្រកួត ដោយសារ​គាត់​មិន​ទាន់​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត ១០០​ភាគរយ បន្ទាប់​ពី​គាត់​មាន​របួស​កំឡុង​ពេល​ជិះ​ស្គី​កាលពី​ខែមករា​។ ខណៈ​ពេល​ដែល​អ្នកចាំទី​មិន​ទាន់​ចូល​និវត្តន៍​ជា​ផ្លូវការ​ពី​បាល់ទាត់​អន្តរជាតិ អ្នកចាត់ការ Hansi Flick បាន​ជ្រើសរើស​ខ្សែបម្រើ​ជើង​ចាស់ Gundogan ជា​ប្រធាន​ក្រុម ។

កីឡាករ​រូប​នេះ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដើម្បី​ចែករំលែក​ក្ដី​រំភើបចិត្ត​របស់​ខ្លួន ដោយ​បាន​សរសេរ​ថា​៖ «​ជា​កិត្តិយស​ដ៏​ធំ ក្នុង​ការ​ក្លាយជា​ប្រធាន​ក្រុម​ថ្មី របស់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​»​។

Flick បាន​ប្រកាស​ថា Gundogan ជា​ប្រធាន​ក្រុម​ហើយ​កីឡាករ Joshua Kimmich ជា​អនុប្រធាន​ក្រុម ។

គាត់​បាន​ប្រាប់​អ្នកកាសែត​មុន​ពេល​ប៉ះ​ជប៉ុន ក្នុង​ការ​ប្រកួត​មិត្តភាព​ថា​៖ «​យើង​មានការ​ផ្លាស់​ប្តូរ​។ យើង​បាន​គិត​អំពី​វា តើ​អ្នក​ណា​អាច​ជួយ​ក្រុម​បាន​ច្រើន ហើយ​សាក​សម​សម្រាប់​តំណែង​មួយ​នេះ​»​។

«​ជាមួយ​ក្រុម​ជម្រើសជាតិ អ្នក​ណា​ដែល​មានការ​ប្រកួត​អន្តរជាតិ​ច្រើន​ជាងគេ​អ្នក​នោះ​គឺជា​ប្រធាន ។ ខ្ញុំ​បាន​សម្រេចចិត្ត​ផ្តល់​ឱ្យ Ilkay ពាក់​ផ្លា​ក​ប្រធាន​ក្រុម​។ រួម​គ្នា​ជាមួយ Joshua Kimmich ឥឡូវនេះ​ក្លាយជា​អ្នកដឹកនាំ​របស់​យើង​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​អ្នក​ទាំង​ពីរ បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​វា​។ វា​ផ្តល់​ឱ្យ​យើង​នូវ​ថាមពល​ថ្មី​»៕