កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងថា កំណែទម្រង់ពិតជាមានការលំបាកណាស់គឺទាមទារការប្តេជ្ញា និងការចូលរួមនិងមានចក្ខុវិស័យច្បាស់លាស់ ។
សម្តេចធិបតីបានបន្តថា កំណែទម្រង់គឺពិតជាលំបាកណាស់ ដូចនេះទាមទារឱ្យមាន៖ទី១.ត្រូវមានចក្ខុវិស័យច្បាស់លាស់ហើយត្រូវឈរលើមូលដ្ឋានច្បាស់លាស់ ហេតុផលច្បាស់លាស់ ហើយហេតុផលនេះគឺដើម្បីបង្កើនភាពប្រកួតប្រជែង ប្រសិទ្ធភាពការងារស្ថាប័នរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋរបស់យើង។
ទី២.ត្រូវមានភាពដាច់ខាត ប្ដេជ្ញាធ្វើទាំងអស់គ្នា។ សម្តេចធិបតីបន្តថា «ខ្ញុំមិនព្រួយជាមួយអ្នកឯងទេគឺត្រូវតែកាប់បើដល់ពេលហើយមិនកាប់ ,ទុកឱ្យខ្ញុំកាប់ជំនួសហើយ …។ ព្រោះកន្លែងកាប់នោះគឺមានមនុស្សច្រើនណាស់ចង់បាន ។ មានតែម្ដងទេត្រូវរក្សាវាឱ្យបានល្អ»។
សម្តេចធិបតីបន្តថា ខ្ញុំមិនមែនកាត់ដៃកាត់ជើងអ្នកណាទេ ប៉ុន្តែត្រូវបង្ហាញឆន្ទៈក្នុងការប្ដេជ្ញាធ្វើនិងហ៊ានអារកាត់ អនុវត្តឱ្យត្រូវគោលនយោបាយរាជរដ្ឋាភិបាលអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់។
សម្តេចបន្តថា បើមានការសម្រេចហើយត្រូវអនុវត្តន៍ឱ្យបានតាមគោលការណ៍ «មិនត្រូវដុតឱ្យខ្លោចរោចឱ្យឆៅនោះទេ»។ បើការអនុវត្តទៅប៉ះពាល់អ្នកណា គឺខ្ញុំជាអ្នកទទួលខុសត្រូវព្រោះខ្ញុំជាអ្នកដាក់ចេញនូវគោលនយោបាយនេះ ។ មួយថ្ងៃមានតែ ២៤ ម៉ោងទេបើយើងខ្លាចគឺយើងនឹងខាត២៤ម៉ោង។ ប្រទេស ជិតខាងគេប្រើរយៈពេល១ម៉ោង អភិវឌ្ឍន៍ប្រទេសគេដល់យើងយឺត ជាងគេ១ម៉ោងគឺការប្រកួតប្រជែងធ្វើឱ្យយើងខាតបង់ច្រើន។
ទី៣.ត្រូវការចូលរួមទាំងអស់គ្នា។ការធ្វើកំណែទម្រង់នេះមិនអាចតែខ្ញុំម្នាក់ ឯងទេគឺទាំងអស់គ្នា មិនអាចតែមន្រ្តីរដ្ឋាភិបាលទេ គឺត្រូវការប្រជាពលរដ្ឋទាំងអស់ចូលរួមផងដែរ ។
សម្តេចធិបតីបន្តថា ការធ្វើនេះដើម្បីកូនចៅរបស់យើងទៅអនាគត លប់បំបាត់ភាពអយុត្តិធម៌ សង្គម តម្លាភាព និងភាពស្មើគ្នាគឺវាចេញពីយើងទាំងអស់គ្នា។ ដើម្បីបង្កើតផ្នត់គំនិត ប្រកួតប្រជែកត្រឹមត្រូវ ជាងការប្រកួតប្រជែងពីខាងក្រោយខ្នង។
ធ្វើដូច្នេះបានទើបសម្តេចធិបតីហៅថា “កំណែទម្រង់គឺដើម្បីទាំងអស់គ្នា ទាំងអស់គ្នាគឺដើម្បីកំណែទម្រង់” ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា