កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យដឹងថា គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល អាណត្តិថ្មីគឺផ្តោតដំបូងទៅលើកំណែទម្រង់មុខងារ សាធារណៈ និងការប្រឡងជ្រើសរើសមន្រ្តីចូលក្រមខណ្ឌ ដោយឈរលើគោលការណ៍ “អ្នកចេះគឺជាប់”។ ការប្រកាសរបស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ដំបូងយើងត្រូវប្រឡងរៀបចំយន្តការថ្នាក់កណ្តាលស្រដៀង ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡងបាក់ឌុបដែរ។ ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នាធ្វើយ៉ាងណា ដើម្បីធានាឱ្យ បាននូវភាពត្រឹម ត្រូវមានតម្លាភាព យុត្តិធម៌ ធានាថា «អ្នកចេះគឺជាប់» នេះហើយជាគោលការណ៍របស់យើង»។ សម្តេចធិបតីបាន គូសបញ្ជាក់ថា ចាប់ពីពេល នេះទៅគឺមានយន្តការតែមួយនៃការជ្រើសរើសគ្រប់ក្រសួងទាំងអស់ គឺត្រូវប្រឡងជ្រើសរើសមន្រ្តី ក្រមខណ្ឌយន្តការថ្នាក់ជាតិឱ្យបានយុត្តិធម៌។ ដោយឡែក មន្រ្តីកិច្ចសន្យាប្រគល់សិទ្ធិជូនក្រសួង ស្ថាប័នសាមីបន្តធ្វើ នីតិវិធី ប៉ុន្តែត្រូវធានានូវតម្លាភាព និងយុត្តិធម៌ផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការរៀបចំថ្មីនេះ ត្រូវតែរក្សាកម្លាំងចាស់និងថ្មី ដើម្បីធ្វើការជាមួយគ្នា នឹងបន្តពិនិត្យមើល ដើម្បី ពង្រឹង ការប្រើប្រាស់មន្រ្តីឱ្យមានប្រសិទ្ធភាព កុំឱ្យមានតែបរិមាណ តែគ្មានគុណភាព ពោលគឺប្រព័ន្ធលើកទឹកចិត្តធ្វើយ៉ាងណាឱ្យចំគោលដៅតែម្តង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា